បណ្តាញក្រុមហ៊ុនផលិតស្បែកជើងម៉ាកល្បីៗ បានប្តេជ្ញាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតកម្ពុជាដល់អ្នកបញ្ជាទិញរបស់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

បណ្តាញក្រុមហ៊ុនផលិតស្បែកជើងសម្រាប់ម៉ាកល្បីៗ ដូចជា Armani, Michael Kor, Marc Jacob, Versace សហការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតកម្ពុជាដល់អ្នកបញ្ជាទិញរបស់ខ្លួន។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Joseph Lin  ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនោះ ភាគីក្រុមហ៊ុន បានសន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរីកចំរើនគ្រប់វិស័យ យន្តការលើកទឹកចិត្ត និងការធានាដល់វិនិយោគិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយការគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់បណ្តាញវិនិយោគរបស់ខ្លួននៅប្រទេសចិន និងជុំវិញពិភពលោក ពិសេសដល់អ្នកបញ្ជាទិញរបស់ខ្លួន។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសេរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុន ជួយសហការផ្តល់ព័ត៌មានពិតៗ ពីកម្ពុជា ក៏ដូចជាពិនិត្យពិចារណារៀបចំការឈប់សម្រាកប្រចាំរបស់បុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។

លោកបន្ថែមថា ការរៀបចំដំណើររបស់អ្នកបញ្ជាទិញ មកទស្សនាស្វែងយល់ពីសភាពការណ៍ពិត ការរីកចំរើនគ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា៕