អាជ្ញាធរមីន អំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នា ដោយឯករាជ្យប្រកបដោយវិជ្ជាជីវៈ ជុំវិញករណីជនជាតិចិន ដើរជាន់មីននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការរដោយសារមីន បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់យោធាថៃ ជុំវិញករណីជនជាតិចិន ដើរជាន់មីននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នា ដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរមីន បានសម្ដែង ការសោកស្តាយចំពោះជនជាតិចិន ដែលបានរងរបួសក្នុងឧប្បត្តិហេតុផ្ទុះមីន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។

ទន្ទឹមនឹងនោះ អាជ្ញាធរមីន ក៏បានបំភ្លឺថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនជាតិចិនម្នាក់ឈ្មោះ Shi Jingu កាន់លិខិតឆ្លងដែនលេខ ២៣៥៦៩៧៥២៦៣ បានរងរបួសដោយសារឧប្បត្តិហេតុផ្ទុះមីន ខណៈពេលព្យាយាមឆ្លងកាត់ពីប្រទេសថៃចូលប្រទេសកម្ពុជា នៅក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឧប្បត្តិហេតុ នេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា ដែលជាតំបន់ចម្ការមីន បន្សល់ទុកពីសង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍ កាលពីអតីតកាល។

កម្ពុជា បដិសេធដាច់ខាតចំពោះការចោទប្រកាន់របស់យោធាថៃ ដែលបានធ្វើឡើងតាមរយៈសារព័ត៌មាន នា ពេលថ្មីៗនេះ ដោយបានចោទប្រកាន់គ្មានការពិត មាននិន្នាការនយោបាយ មិនស្របតាមស្តង់ដាររបាយការណ៍អន្តរជាតិ និងផ្ទុយទាំងស្រុងទៅនឹងកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបានតំបន់ព្រំដែនដែលគ្មានមីន។

កម្ពុជាបញ្ជាក់ថា កម្ពុជាមិនប្រើប្រាស់មីនជាដាច់ខាត មិនថានៅពេលណា ឬក្នុងកាលៈទេសៈ ក៏ដោយ ហើយក្នុង នាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជាមិននឹងប្រើប្រាស់មីនឡើយ។

អាជ្ញាធរមីន សង្កត់ធ្ងន់ថា ប្រសិនបើមានមីនថ្មី ដូចដែលថៃបានអះអាងមែន យើងគួរសួរវិញថា៖ ដោយកម្ពុជាមិនមានប្រើប្រាស់មីន តើនរណាជាអ្នកដាក់មីន? កម្ពុជាមិនអាចឆ្លើយសំណួរនេះ ជំនួសប្រទេសថៃបានឡើយ។

កម្ពុជាបដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងណាមួយ ដែលថា កងកម្លាំងយោធាកម្ពុជា បានប្រើប្រាស់មីន។ មកទល់ពេលបច្ចុប្បន្ន ទាំងកម្ពុជា អាស៊ាន និងយន្តការអន្តរជាតិ មិនទាន់ទទួលបានលទ្ធផលស៊ើបអង្កេតជាផ្លូវការណាមួយឡើយនោះទេ។ ប្រសិនបើថៃមានភស្តុតាងដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ គួរផ្ដល់ជាផ្លូវការមកកាន់កម្ពុជា និងប្រកបដោយវិជ្ជាជីវៈ មិនមែនតាមរយៈសេចក្ដីថ្លែងការណ៍សាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។

កម្ពុជាបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នា ដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ ព្រោះថា បើមិនទាន់រក ឃើញការពិតណាមួយនោះទេ ការចោទប្រកាន់ជាសាធារណៈ គឺជាការបង្កើនភាពតានតឹង និងធ្វើឱ្យសហគមន៍ អន្ដរជាតិមានការភ័យច្រឡំ។

ជាថ្មីម្ដងទៀត កម្ពុជាសម្ដែងការសោកស្តាយចំពោះជនរងគ្រោះដោយសារមីន មិនថាជាតិសាសន៍ណានោះទ តែកម្ពុជានឹងមិនទទួលយកការចោទប្រកាន់មិនពិត ការក្លែងបន្លំស្ថានការណ៍ និងមិនអាចទទួលបានឡើយ ចំពោះការលើកឡើងណាមួយ ដែលប៉ះពាល់ដល់កិត្តិនាម និងកិច្ចខិតខំប្រឹប្រែងរបស់កម្ពុជា ក្នុងការសម្រេចបានអនាគតមួយដែលគ្មានមីន។

កម្ពុជានៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចសហប្រតិបត្តិការ ការស៊ើបអង្កេតផ្អែកលើភស្តុតាង និងការដោះស្រាយបញ្ហាតាម បណ្ដោយព្រំដែន ដោយសន្តិភាព និងផ្អែកលើច្បាប់អន្តរជាតិ៕