សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយនិងភរិយា កាលពីថ្ងៃ ទី៣០ ធ្នូ ២០២៥ បានចុះ ជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ​ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានបង្ហោះនៅលើហ្វេសប៊ុករបស់សម្តេចថា៖«សូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព​ និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ​ និងមានសុខភាពល្អមាំមួនឡើងវិញ​ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ»។

ជាមួយគ្នានេះ សម្តេចធិបតី ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

សូមជម្រាបថា កម្ពុជា-ថៃ បានចាប់ដៃគ្នាឯកភាពអនុវត្តបទឈប់បាញ់ឡើងវិញ ដែលចូលជាធរមានពីម៉ោង១២ថ្ងៃត្រង់ថ្ងៃសៅរ៍ទី២៧ខែធ្នូឆ្នាំ២០២៥។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ នៅតែបារម្ភថា បទឈប់បាញ់ឡើងវិញនេះ មានភាពផុយស្រួយនៅឡើយ ព្រោះថា ភាគីថៃតែងតែរកលេសបង្កភាពតានតឹងជាមួយកម្ពុជាម្តងហើយម្តងទៀត៕ អត្ថបទ៖ហ្សាលីន