ឆ្នាំ២០២៥៖ កម្ពុជា បាននាំចេញអង្ករជាង៩០ម៉ឺនតោន ទទួលចំណូលបានជាង៦០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ការនាំចេញក្នុងរយៈពេល១២ខែ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ នៃឆ្នាំ​២០២៥ កម្ពុជាបាននាំចេញអង្ករចំនួនជាង៩០ម៉ឺនតោន(៩៤០ ៣២១ ​តោន) ក្នុងទំហំទឹកប្រាក់​បានចំនួន ៦០២.៤១ លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០ ៣២១ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៨ ​បានបរិមាណអង្ករចំនួន ៣៣៩ ៤១៧ តោន គិតជាទឹកប្រាក់ចំនួន ២៥៨.២៨​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ២៣១ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៣៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន  ២៧៣ ៦៥៧ តោន​ គិតជាទឹកប្រាក់ចំនួន ១១៧.៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន។ល។ បានចំនួន ៩៦ ១២២ តោន គិតជាទឹកប្រាក់ចំនួន ៨៨.១៥ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហុយ ២%  អង្ករសរីរាង្គចំនួន ១.៣២%  អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១៥៧៩.៨៦ លានដុល្លារសហរដ្ឋអាមេរិក។

គូសបញ្ជក់ផងដែរថា ការនាំចេញអង្ករ មានកំណើនសរុបចំនួន ៤៥.៥៩% និងការនាំចេញស្រូវ មានកំណើតសរុបចំនួន ៣២.៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ហ្សាលីន