ក្រុមហ៊ុនកសិកម្មមួយ បានកៀរគរទុនបានជិត៥០លានដុល្លារ ពីផ្សារមូលបត្រកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ភ្នំពេញ អាហ្គ្រីកូ ជាក្រុមហ៊ុននៅក្នុងវិស័យកសិកម្មដំបូងគេមួយបានសម្រេចចិត្តចុះបញ្ជីលក់មូលបត្របំណុលរបស់ខ្លួនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ដោយទទួលបានទុនប្រមាណជិត៥០លានដុល្លារ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាមានប្រសាសន៍ថា “ក្រុមហ៊ុន ដូនពេញ អាហ្វ្រិកូ បានកៀរគរទុនក្នុងទំហំ ៤៩ លានដុល្លារ ពីវិនិយោគិនគុណវុឌ្ឍិ ដោយមានអត្រាគូប៉ុង ៥,២៥% ជាមួយឥណប្រតិទាន ៨ ឆ្នាំ និង មានការធានាពីក្រុមហ៊ុន GuaranCo ។ ទុនរយៈពេលវែងនេះ នឹងត្រូវចំណាយទៅលើការពង្រីកសក្តានុពលផ្គត់ផ្គង់ ដូចជាបន្តពង្រីកផ្ទៃដីដាំដុះ វិនិយោគលើប្រព័ន្ធធារាសាស្ត្រ និង វិនិយោគលើគ្រឿងចក្រធុនធ្ងន់ ដែលមានបច្ចេកវិទ្យាទំនើប ដើម្បីពន្លឿនខ្សែច្រវាក់ផលិតកម្ម ពង្រីកឃ្លាំងស្តុក និង រោងចក្រកែច្នៃជាដើម” ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា “មានប្រសាសន៍ថាភាពជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុល របស់ក្រុមហ៊ុន ដូនពេញ អាហ្វ្រិកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ទីផ្សារមូលបត្រអាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារ ដោយផ្តល់នូវប្រភពទុនរយៈពេលវែង និង មានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុន ក្នុងការប្រើប្រាស់លើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធធារាសាស្ត្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, គ្រឿងចក្រធុនធ្ងន់ ដើម្បីពង្រីកអាជីវវកម្ម បង្កើនផលិតភាព និង អភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម, និង ការលើកកម្ពស់សមត្ថភាពនាំចេញផលិតផលទៅក្រៅប្រទេស របស់ក្រុមហ៊ុន” ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជាមានប្រសាសន៍ថា ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ក្នុងការបោះផ្សាយលក់មូលបត្របំណុល នាពេលនេះ គឺជាគំរូដ៏ល្អមួយ សម្រាប់សហគ្រាសក្នុងស្រុកផ្សេងទៀត ក្នុងការស្វែងរកប្រភពទុន រយៈពេលវែង ដែលមានតម្លៃទាប តាមរយៈទីផ្សារមូលបត្រកម្ពុជា ដែលជាជម្រើសដ៏ល្អមួយ ផ្តល់ភាពងាយស្រួល រហ័ស និង ភាពបត់បែនខ្ពស់ ដល់ម្ចាស់សហគ្រាស, ទាំងក្នុង និង ក្រៅប្រទេស ដោយផ្តល់លទ្ធភាពដល់ក្រុមហ៊ុន អាចកៀរគរទុនក្នុងទំហំធំ អត្រាការប្រាក់ទាប និង អាចប្រើប្រាស់បានរយៈពេលវែង ដើម្បីបម្រើទៅដល់ការពង្រឹង និង ពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន, ពិសេស បង្កើនសមត្ថភាពប្រតិបត្តិការ និង វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យា ។

លោកបណ្ឌិតលើកឡើងថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម នៅកម្ពុជា បានបោះជំហានទៅមុខយ៉ាងលឿន, ជាពិសេស ការនាំចេញកសិផលហូបផ្លែ និង ផលិតផលកសិកម្មនានា ។ ជាក់ស្តែង, ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកនូវ “មាសបៃតង” របស់កម្ពុជា គឺចេកអំបូងលឿង ជាដើម ទៅកាន់ទីផ្សារធំៗ ដូចជា ប្រទេសចិន និង ប្រទេសជប៉ុន ។ ការនាំចេញទៅកាន់ទីផ្សារ ដែលមានស្តង់ដាខ្ពស់ ដូចជា ជប៉ុន និង ចិន បានបង្ហាញឱ្យពិភពលោកឃើញ ពីសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតកសិផល ដែលមានគុណភាព សុវត្ថិភាព និង អនុលោមតាមបទដ្ឋានអន្តរជាតិ” ។

សូមជម្រាបជូនថា ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន ២៧ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន ១២ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន ១៥, ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៧ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណ ៧០៣ លានដុល្លារអាមេរិក ៕