គម្រោងវិនិយោគបង្កើតរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក នឹងមានវត្តមាននៅលើទឹកដីស្រុកស្អាង ខេត្តកណ្តាលនាពេលឆាប់ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជូនដំណឹងដល់សាធារណជន ដោយបានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកស្អាង ខេត្តកណ្តាល ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រខារអំបោះ និងជ្រលក់ពណ៌ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៩០កន្លែង។
សូមជម្រាបដែរថា រោងចក្រខារអំបោះ និងជ្រលក់ពណ៌នេះ នឹងបោះទីតាំងស្ថិតនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ហើយវិនិយោគដោយក្រុមហ៊ុន MINGFUXING (CAMBODIA) TEXTILE TECHNOLOGY CO., LTD.៕ អត្ថបទ៖ហ្សាលីន

