អាងស្តុកទឹក បឹងបួ នៅទូទាំងប្រទេសកម្ពុជា មានសមត្ថភាពស្តុកទឹកទុកបានសរុបប្រមាណជាង ៤ពាន់លានម៉ែត្រគូប សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការស្រោចស្រពកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងរក្សាប្រព័ន្ធអេកូឡូស៊ី ប៉ុន្តែបរិមាណទឹកនេះ នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងនោះទេ។

នេះបើតាមការឱ្យដឹងពី លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថា អាងស្តុកទឹក បឹងបួ នៅទូទាំងប្រទេសកម្ពុជា មានសមត្ថភាពស្តុកទឹកទុកបានសរុបប្រមាណជាង ៤ពាន់លានម៉ែត្រគូប សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការស្រោចស្រពកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងរក្សាប្រព័ន្ធអេកូឡូស៊ី ប៉ុន្តែបរិមាណទឹកនេះ នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងនោះទេ។

លោកបន្តថា ក្រសួងមានចក្ខុវិស័យក្នុងការកសាងអាងស្តុកទឹកធំៗថ្មីបន្ថែម ស្តារអាងទឹកដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង និងកាត់បន្ថយទឹកជំនន់។ ជាមួយគ្នានេះដែរ ក្រសួងក៏មានផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រដែលមិនទាន់ពេញលេញ ឱ្យក្លាយជាប្រព័ន្ធធារាសាស្ត្រពេញលេញ ក្នុងគោលបំណងបញ្ជូនទឹកដល់ស្រែកសិករបានទាន់ពេលវេលា។
លោកបានបន្ថែមទៀតថា ការគ្រប់គ្រងទឹកគឺត្រូវអនុវត្តក្នុងក្របខ័ណ្ឌអាងទន្លេ/ស្ទឹង ហើយត្រូវដឹងពីតម្រូវការនៃការប្រើប្រាស់ទឹកពីភាគីពាក់ព័ន្ធ និងមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង និងបែងចែក ព្រមទាំងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមដែលកើតឡើងដោយសារទឹក៕
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជម្រាបជូនអំពីសក្តានុពលទឹកដែលមានក្នុងក្របខណ្ឌទូទាំងប្រទេស និងបរិមាណទឹកដែលមានជាក់ស្តែងនៅតាមបណ្តាអាងទឹកធំៗ ព្រមទាំងពិភាក្សាដើម្បីរៀបចំផែនការ និងត្រៀមវិធានការចាំបាច់នានាក្នុងការឆ្លើយតបទៅនឹងទៅនឹងគ្រោះរាំងស្ងួត ដែលអាចកើតមានជាយថាហេតុ។


