សម្តេចធិបតី៖ កម្ពុជាបានបញ្ជូនកងកម្លាំងជាង១ម៉ឺននាក់ ដើម្បីរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ

សង្គម​ និង​សេដ្ឋកិច្ច

គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំង រក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព។នេះបើយោងតាមសារលិខិតរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» ដែលផ្សាយចេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅសាលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាបាន និងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក ក្នុងនាម ជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ថា គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំង រក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ រួមទាំងការងារបោសសម្អាតមីន ចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា ប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្តាល ឆាដ ស៊ីប ស៊ូដង់ យេម៉ែន ស៊ីរី និងកុងហ្គោ។

ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ សម្តេចធិបតី ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ សប្បុរសជន ជាពិសេសកងកម្លាំងដោះមីន ដែលបានខិតខំចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ។

បន្ថែមពីនេះ សម្តេចធិបតី បានចាត់ទុកសកម្មភាព បោសសម្អាតមីន ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និងនាំមកនូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន