ស្ថាប័នជំនាញ សិក្សាហេតុប៉ះពាល់បរិស្ថានលើគម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ តម្លៃជាង៧លានដុល្លារ នៅខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័ន និងអង្គភាពជំនាញ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីសិក្សាហេតុប៉ះពាល់បរិស្ថានលើគម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ តម្លៃ៧.៥ លានដុល្លារ នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ គឺអង្គភាពជំនាញបានពិគ្រោះយោបល់លើលទ្ធផលបឋមស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD ដែលមានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក មានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនេះ  លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមហ៊ុនម្ចាស់គម្រោងនូវចំនុចមួយចំនួនរួមមាន៖ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា,បានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាន,រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ បុគ្គលិក និងកម្មករក្នុង និងជុំវិញទីតាំង,ប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។

ដោយឡែក,ក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ​ក៏ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវផងដែរ។

សូមជ្រាបថា គម្រោងខាងលើនេះ បន្ថែមពីលើអត្ថប្រយោជន៍នានារាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ វាក៏ជួយពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, បង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន គម្រោងនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន