កម្ពុជា-បង់ក្លាដែស គ្រោងចុះ MoU លើវិស័យការងារសារជាថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-បង់ក្លាដែស នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ខណៈភាគីទាំងពីរក៏គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សារជាថ្មីលើវិស័យការងារនាពេលឆាប់ៗខាងមុខនេះផងដែរ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក សេង សក្ដា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំកម្ពុជា កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចពិភាក្សាខាងលើ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌវិស័យការងាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបញ្ជាក់ពីការពិនិត្យឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការកំណត់កាលបរិច្ឆេទសមស្របសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេស លើកទី៣ ដោយនឹងរួមគ្នាពិនិត្យឱ្យបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ក្នុងឱកាសដដែលនោះ លោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលផ្ដល់បណ្ណការងារ និងសៀវភៅការងារជនបរទេសជូនដល់ពលករជនជាតិបង់ក្លាដែសដែលកំពុងបំពេញការងារ និងប្រកបរបរក្នុងប្រទេសកម្ពុជា។

សូមជម្រាបដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស៕ អត្ថបទ៖ហ្សាលីន