សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់លោកស្រី អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តផ្តល់ការគាំទ្រកម្ពុជា លើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ការស្នើបែបនេះរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងជំនួបជាមួយ លោកស្រី អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ។
ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស៊ីជម្រៅ រវាងប្រទេសទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សមិទ្ធផលទាំងនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ របស់លោកជំទាវ និងសហការី និងជាពិសេស ឆន្ទៈនយោបាយដ៏រឹងមាំ ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ តាមរយៈការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងស្ទើរលើគ្រប់វិស័យ។

សម្តេចរដ្ឋសភាធិបតី បានបន្តថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េនាឆ្នាំ២០១៨ កន្លង។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា។ គណៈប្រតិភូរដ្ឋសភា និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា និងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់។
ប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់ថា កម្ពុជានិងតួកគីយ៉េ មានគុណតម្លៃរួមជាច្រើន ក្នុងនោះមាន ការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម ប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។ ក្នុងន័យនេះ ចាំបាច់ត្រូវបន្តធ្វើការរួមគ្នា ដើម្បីប្រកាន់យក និងកៀរគរប្រទេសផ្សេងៗទៀត ឱ្យគោរពនូវគោលការណ៍ទាំងនេះ ក្នុងពេលដែលសកលលោកកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ហ៊ុមព័ទ្ធដោយសង្គ្រាមនោះ៕

