ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ ១៣៦ លាន ដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ។

នេះបើយោងតាមកិច្ចប្រជុំរបស់កិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦។
គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តមណ្ឌលគិរី, ៤ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និង កែច្នៃ, គម្រោងវិនិយោគដាំដុះកៅស៊ូ និង សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងវិនិយោគដាំដើមប្រេងខ្យល់ និង រោងចក្រកែច្នៃក្រដាស, កសិដ្ឋានចិញ្ចឹមសត្វ, គម្រោងដំាដុះ និង សិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ, គម្រោងវិនិយោគសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់, និង គម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និង ដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម ។
ថ្លែងក្នុងកិច្ចប្រជុំនេះ, លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពពហុវិបត្តិខាងក្រៅ ដូចជា បញ្ហាជម្លោះព្រំដែនជាមួយថៃ និង វិបត្តិប្រេងនៅមជ្ឈិមបូព៌ា, ក្នុងខែមីនា និង ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារ ក.វ.ឦសាន នៅទទួលបានសំណើគម្រោងវិនិយោគ ជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃ កម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤០៧ លានដុល្លារ និង បានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន ៣៣ គម្រោង ក្រោមទុនវិនិយោគ ១ ០៧០ លានដុល្លារ អាចបង្កើតការងារ ១៧ ២១៣ កន្លែង៕អត្ថបទ៖ហ្សលីន

