ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ បំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការងារបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

លោក ហេង សួរ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សនិងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញនិងសមត្ថភាពផងដែរ។

សូមជម្រាបជូនថា គម្រោងនេះចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ គ្របដណ្តប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាស ក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ បន្ថែមពីនេះ គម្រោងនេះក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើស ស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដូចជា ការបង្កើត និងអនុវត្តយន្តការសហប្រតិបត្តិការរវាងឧស្សាហកម្ម និងស្ថាប័នអប់រំ ការធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង៕