នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ជាថ្មីម្ដងទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោក Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ជាថ្មីម្ដងទៀត។ ការអញ្ជើញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមលើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនៅពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មីម្ដងទៀត។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជានិងវៀតណាម ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌគណបក្ស និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នេះឱ្យបានល្អប្រសើរ។

សូមជម្រាបដែរថា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានជួបពិភាក្សាក្នុងជំនួបអាហារពេលព្រឹក នៅប្រទេសហ្វីលីពីន ដើម្បី បន្តអនុវត្តប្រពៃណីអាហារពេលព្រឹកការងារត្រីភាគី ដើម្បីបង្កើនទំនាក់ទំនងប្រទេសកម្ពុជា-វៀតណាមកាន់តែជិតស្និទថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន