កម្ពុជា-កូរ៉េ រួមគ្នារៀបចំកម្មវិធី K-POP World Festival ២០២៦ នៅលើទឹកដីខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-កូរ៉េ រួមគ្នារៀបចំកម្មវិធី K-POP World Festival ២០២៦ នៅលើទឹកដីខេត្តសៀមរាប ដើម្បីបង្កើនមិត្តភាពប្រទេសទាំងពីរឱ្យកាន់តែជិតស្និត។នេះបើយោងតាមកម្ពុជា-កូរ៉េ កម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៦ លើកទី៧ កាលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៦ លើកទី៧ រៀបចំឡើងនៅផ្សារហេរីថេកវ៉ក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក លី សារី អភិបាលរងខេត្តសៀមរាប និង លោក គីម សង់ថេ (Kim Sungtai) អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប។

អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ លោក គីម សង់ថេ បានបង្ហាញថា បច្ចុប្បន្នតន្ត្រី K-pop បានក្លាយជាវប្បធម៌ដ៏ពេញនិយមបំផុតទៅកាន់យុវជនទូទាំងពិភពលោក វាមិនត្រឹមចូលរួមចំណែកតែក្នុងវប្បធម៌តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកក្នុងសន្តិភាព និងសុវត្ថិភាពពិភពលោក។ ក្នុងនោះខេត្តសៀមរាប ជាចំណុចសំខាន់នៃវប្បធម៌ប្រទេសកម្ពុជាដែលមានភាពអស្ចារ្យទូទៅពិភពលោក ដូច្នេះការដែលយើងអាចធ្វើកម្មវិធីតន្ត្រី K-pop នៅខេត្តសៀមរាប វាជាឱកាសពិសេសបំផុតដែលអាចធ្វើកម្មវិធី នេះឡើងជាមួយកូនចៅជំនាន់ក្រោយដែលទទួលបានមរតកវប្បធម៌ប្រពៃណីខ្មែរ។

ជាមួយគ្នានេះ លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា សិល្បៈ K-Pop មិនត្រឹមតែជាទម្រង់នៃការកម្សាន្តតាមរយៈបទចម្រៀង និងក្បាច់រាំដ៏មានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវាបានវិវត្តន៍ខ្លួនទៅជាចរន្តវប្បធម៌សកលដ៏មានឥទ្ធិពល។ K-Pop គឺជាស្ពានដ៏រឹងមាំក្នុងការផ្សារភ្ជាប់វប្បធម៌កូរ៉េទៅកាន់ពិភពលោក ដោយបានធ្វើសមាហរ័ណកម្មនូវភាពច្នៃប្រឌិតថ្មីៗ បង្កើតបានជាមនោសញ្ចេតនារួម និងការចុះសម្រុងគ្នារវាងមនុស្សជាតិយ៉ាងអស្ចារ្យ។

លោក បន្តថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែស្អិតរមួត។ លើសពីការសប្បាយរីករាយ សិល្បៈនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនូវតម្លៃវប្បធម៌ ភាសា និងអាហាររបស់កូរ៉េ ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ដើម្បីផ្ដល់ឱកាសឱ្យយុវជនកម្ពុជាបានបញ្ចេញសមត្ថភាព បង្ហាញនូវស្មារតីសាមគ្គីភាព និងដេញតាមក្តីសុបិនរបស់ពួកគេ។

សូមបញ្ជាក់ថា កម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៦ លើកទី៧ មានការឧបត្ថម្ភជាថវិកាលើកទឹកចិត្តដល់បេក្ខជនដែលបានឈ្នះចាប់ពីជ័យលាភីលេខ១ ដល់លេខ៣ បន្ថែមពីនេះបេក្ខជនដែលជាប់ជ័យលាភីលេខ១ នឹងទទួលបានឱកាសទៅប្រកួតវគ្គបឋមនៅទីក្រុងភ្នំពេញផងដែរ៕ អត្ថបទ៖ហ្សាលីន