ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៤០.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៦ដុល្លារអាមេរិក)។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន៨៨.៤៣៨សេវា បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មាន៨៧.១៦៨សេវា ខណៈសេវាស្នើសុំតិចជាងគេ គឺវិស័យពាណិជ្ជកម្ម ផ្តល់បាន២សេវា។
ជាមួយគ្នានេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន១២ រួមមាន វិស័យទេសចរណ៍ វប្បធម៌ និងវិចិត្រសិល្បៈ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានចំណូលសរុបចំនួន ៥៤.៤៥០.០០០រៀល។
ជាការកត់សម្គាល់ ជោគជ័យនៃយន្តការច្រកចេញចូលតែមួយ និងការធ្វើទំនើបកម្មសេវាសាធារណតាមប្រព័ន្ធឌីជីថលនេះ បានក្លាយជាគំរូដ៏ទាក់ទាញសម្រាប់តំបន់ ដែលក្នុងនោះប្រទេសទីម័រឡេស្តេ បានកំពុងដកស្រង់បទពិសោធជាក់ស្តែងពីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត។ ហើយការធ្វើទំនើបកម្មនេះ គឺសំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីនៃយន្តការច្រកចេញចូលតែមួយ៕

