ឧបនាយករដ្ឋមន្រ្ដី ទៀ សីហា រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នេះពុំបង្កផលអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ផ្ទុយទៅវិញច្បាប់នេះនឹងបង្កើតនូវធនធានទ្រព្យសម្បត្តិជាតិ និងផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មី។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦, ឧបនាយករដ្ឋមន្រ្ដី ទៀ សីហា បានបន្ថែមថា ច្បាប់នេះនឹងធ្វើឱ្យយុវជនយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញ វិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែល ស្ថាប័នរដ្ឋ ឯកជនចង់បានយកទៅបម្រើការ។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្រ្ដី ទៀ សីហា ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះអង្គព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដែលមានក្រសួងការពារជាតិជាសេនាធិការ នាំយកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» មកដាក់ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំ លើកទី៥ ដែលបានសម្រេចអនុម័តដោយសំឡេង៥៨ លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល៕




