កម្ពុជា ប្រាប់អាមេរិកពីជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រាបទៅកាន់មន្រ្តីជាន់ខ្ពស់អាមេរិក ថាជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងជំនួបជាមួយ Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបង្ហាញក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ខណៈលោកក៏វាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាមួយគ្នានេះ លោកពេញចិត្តចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាក្រុមហ៊ុនវិនិយោគរបស់អាមេរិក ក្នុងការបោះទុន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។លោកបន្តថា  កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ដោយសារកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប និងល្បីល្បាញលើសកលលោក។ 

ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែ បានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោក អនុរដ្ឋមន្ត្រី អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងធានាដល់ភាពជោគជ័យរបស់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

សូមជម្រាបថា នៅក្នុងជំនួបខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ប្រាប់លោកអនុរដ្ឋមន្ត្រី អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ៕ អត្ថបទ៖ហ្សាលីន