ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)»

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)»។ ការបង្កើត (ស.ព.ក. – CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. – CTE នឹងដើរតួជា “ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត” ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កឹម ស៊ីថន បានបញ្ជាក់ថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. – CTE ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ «ឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង ៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។

ជាមួយគ្នានេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បង CTE នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិលើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិតផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ។