កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញលើវិស័យសំណង់

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស្ទីវិន ផាំង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងស្ថាប័ន SG Aston LLP និងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពសម្រាប់សិក្ខាកាមក្នុងវិស័យសំណង់ (CITA-SGA TTC) ដែលជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហេង សួរ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេស និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជាដែលគាំទ្រយ៉ាងរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាពិសេសការអភិវឌ្ឍជំនាញក្នុងវិស័យការងារ។ ជាក់ស្តែង អនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃទំនាក់ទំនងល្អ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងការជឿទុកចិត្តគ្នា។

 ពិធីចុះហត្ថលេខានាថ្ងៃនេះ មានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ ការត្រៀមកម្លាំងពលកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

លោករដ្ឋមន្រ្តីលើកឡើងថា សិង្ហបុរីជាគោលដៅដ៏មានសក្តានុពលសម្រាប់ពលករជំនាញ ហើយភាពជាដៃគូនេះនឹងផ្តល់នូវមាគ៌ាកាន់តែច្បាស់លាស់សម្រាប់ពលករកម្ពុជាក្នុងការយល់ដឹង និងបំពេញតាមស្តង់ដាខ្ពស់របស់សិង្ហបុរី ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងធ្វើការ ការបញ្ជាក់សមត្ថភាពជំនាញ និងសុខុមាលភាព។

ជាការឆ្លើយតប ឯកឧត្តម ស្ទីវិន ផាំង ជីវី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះមិនត្រឹមតែសម្រាប់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កម្មករទាំងឡាយ ដែលសុវត្ថិភាពនិងជីវភាពរស់នៅរបស់ពួកគាត់នឹងត្រូវបានយកចិត្តទុកដាក់ជាចម្បងតាមរយៈភាពជាដៃគូនេះ។ ជាមួយនឹងការចាត់ទុក វិស័យសំណង់ ជាគ្រឹះស្នូលនៃការអភិវឌ្ឍ លោកក៏បានលើកឡើងពីការកសាងទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ដែលផ្អែកលើការគោរពគ្នា និងប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជាតិទាំងពីរ ហើយការចុះហត្ថលេខានាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយនៃការប្តេជ្ញាចិត្តនេះ។

សូមបញ្ជាក់ថា MoU នេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពសិក្ខាកាមក្នុងវិស័យសំណង់ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងការអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលនៅកម្ពុជា។ សារៈសំខាន់នៃ MoU នេះគឺផ្តល់នូវវគ្គបណ្តុះបណ្តាលចម្រុះ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្ម និងតម្រូវការកម្លាំងពលកម្មដែលកំពុងវិវត្ត ជាពិសេសលើជំនាញការងារដែកពង្រឹងបេតុង (Rebar) និងការងារទម្រង់បេតុង (Formwork) ព្រមទាំងត្រៀមពង្រីកទៅកាន់មុខជំនាញផ្សេងៗទៀតនាពេលអនាគត៕