ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក បានជួបពិភាក្សាការងារ ដើម្បីរួមគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការដ៏រឹងមាំនាពេលអនាគត។

ជំនួបនេះ ធ្វើឡើងកាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ គណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC ក្នុងឱកាសបេសកកម្មផ្លូវការនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានោះ ថ្នាក់ដឹកនាំកម្ពុជា និងគណៈប្រតិភូ DFC របស់អាមេរិក បានផ្លាស់ប្តូរយោបល់យ៉ាងផុសផុសលើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗ ដែលរំពឹងថានឹងក្លាយជាកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំនាពេលអនាគត នៅចំនុចចំនួន២ រួមមាន៖ ១.ការពិនិត្យលទ្ធភាពសហការលើការសិក្សាស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធថាមពល និងអន្តរកាលបៃតង, និង .២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដូចជា បណ្តាញផ្លូវល្បឿនលឿន, ការពង្រីងវិសាលភាពកំពង់ផែ, និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលទាំងអស់នេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិដ៏សំខាន់។

នៅក្នុងឱកាសនោះ លោកស្រីប្រធាន DFC បានកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យដ៏ច្បាស់លាស់ របស់កម្ពុជា ក្នុងការកែទម្រង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោកស្រីបានបញ្ជាក់ថា វិស័យដែលកម្ពុជាបានលើកឡើងទាំងអស់ខាងលើ គឺពិតជាមានភាពស្របគ្នា ទៅនឹងបេសកកម្មស្នូលរបស់ DFC ក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការការពារខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកស្រី ក៏បានបង្ហាញឆន្ទៈក្នុងការនាំយកនូវរបៀបវារៈដែលបានពិភាក្សា ទៅពិនិត្យលទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព មុននឹងឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការណាមួយនាពេលអនាគតផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ ភាគីទាំងពីរក៏បានបង្ហញនូវការប្តេជ្ញាចិត្ត ក្នុងការប្រែក្លាយលទ្ធផលនៃកិច្ចពិភាក្សាដ៏ផុលផុសនេះ ទៅជាផែនការសកម្មភាពជាក់ស្តែង សំដៅរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់ប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ហ្សាលីន


