សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបុណ្យសពម្ដាយ ឯកឧត្តម កឹម សុខា ដែលទទួលរមណភាពកាលពីម្សិលមិញក្នុងជន្មាយុ ១០១ ឆ្នាំ។នេះបើយោងតាម ហ្វេសប៊ុករបស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ដែលបានបង្ហោះនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ជាក់ព័ន្ធរឿងនេះដែរ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក កឹម សុខា និងក្រុមគ្រួសារថា សម្តេចនិងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏ ក្រៀមក្រំពីមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេកជាទីគោរព ស្រឡាញ់របស់ លោក បានទទួលមរណភាពកាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ និងភរិយា សូមចូលរួមរំលែកទុក្ខ និង សោកស្តាយស្រណោះ អាឡោះអាល័យជាអនេកជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុតដែលមិនអាច កាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់កូន កូនប្រសារ ចៅប្រុសចៅស្រី។ ជាងនេះទៅទៀត មរណភាព ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
នៅក្នុងសារលិខិតដដែលនោះ សម្តេចតេជោ និងភរិយា ក៏សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ៖ហ្សាលីន

