ក្នុងឱកាសអមដំណើរដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារយ៉ាងមានផ្លែផ្កាជាមួយលោក Zhou Chaoyong (ចូវ ឆាវយ៉ុង) ដែលជាអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿងដ៏ល្បីល្បាញប្រចាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហៅកាត់ថា CMG កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ លោក Zhou Chaoyong ដែលមានស្រុកកំណើតជាមួយលោក ជីវ តាខ្វាន់ ដែលជាប្រវត្តិវិទូចិនដ៏ល្បីល្បាញធ្លាប់បានកត់ត្រាពីទឹកដីអង្គរ បានសម្តែងការស្ញើចសរសើរយ៉ាងខ្លាំងចំពោះវប្បធម៌ និងអរិយធម៌ដ៏ស្កឹមស្កៃរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការដើរតួជា ជីវ តាខ្វាន់ ជំនាន់ក្រោយ ដើម្បីចងក្រងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ព្រមទាំងផលិតនិងផ្សព្វផ្សាយឯកសារវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។

បន្ថែមពីលើនេះ លោក Zhou Chaoyong ក៏មានគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដើម្បីបង្ហាញពីអច្ឆរិយភាពនៃវប្បធម៌ខ្មែរទៅកាន់ប្រជាជនចិន ដោយប្រើប្រាស់បទពិសោធន៍ការងារជាច្រើនឆ្នាំរបស់លោកនៅប្រទេសចិន។ ការប្តេជ្ញាចិត្តដ៏ធំធេងមួយទៀតនោះគឺ លោកនឹងប្រើប្រាស់ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដើម្បីបង្ហាញពីការពិត ភាពស្រស់ស្អាត និងសុវត្ថិភាពនៅកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហា Online Scam នៅកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមដ៏អស្ចារ្យទាំងអស់នេះ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងទេសចរណ៍ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការពេញលេញជាមួយលោក Zhou Chaoyong ក៏ដូចជាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរុញច្រានវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែលេចធ្លោ និងទាក់ទាញខ្លាំងថែមទៀតនៅលើទីផ្សារប្រទេសចិន៕


