ខេត្តស្វាយរៀង​ មានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន១៣​ ​និងមានគម្រោងវិនិយោគសរុប​ ៤២១​គម្រោង

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ខេត្តស្វាយរៀងនេះ​ មានតំបន់សេដ្ឋកិច្ចពិសេស​កំពុងដំណើរការចំនួន ១៣​ និងមានគម្រោងវិនិយោគសរុបចំនួន​ ៤២១​ គម្រោង។​​ នេះបើយោងតាមដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី  បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់។ ជាមួយគ្នានេះ ក៏ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងបានពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្ត​ របស់ក្រុមហ៊ុន​ ZODO TIRE (CAMBODIA) CO., LTD. (សមត្ថភាពផលិត​ ២៦០០០​ សំបកកង់ក្នុង១ថ្ងៃ​ និងពេញសមត្ថភាពបាន​ ៤៥០០០​ សំបកកង់)​ និងរោងចក្រផលិតគ្រឿងបង្គុំរថយន្ត​ ហ្វ្រាំងស្ងួត (BRAKE DRUM) ដែលប្រើប្រាស់វត្ថុធាតុដើម​ ពីលោហៈធាតុនិងកាកសំណល់ដែកយកមកកែច្នៃរបស់ក្រុមហ៊ុន​ HAIZHIGUAN (CAMBODIA) INDUSTRIAL CO., LTD. ។

តាមរយៈដំណើរទស្សនកិច្ចនោះ បានបង្ហាញថា ​ នៅក្នុងខេត្តស្វាយរៀងនេះ​ តំបន់សេដ្ឋកិច្ចពិសេស​ មានចំនួន១៣​ និងកំពុងដំណើរការទាំង១៣​ និងមានគម្រោងវិនិយោគសរុបចំនួន​ ៤២១​ គម្រោង​ ព្រមទាំងបង្កើតការងារបានប្រមាណ​ ១១៥.០០០​ កន្លែង​។ តាមការបញ្ជាក់ពីតំណាងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងពីរខាងលើ​ តំបន់កំពុងមានតម្រូវការ​កម្មករនិយោជិតចំនួនប្រមាណ​ ៤.០០០កន្លែង​។

នាឱកាសនោះដែរ លោក ជា វុទ្ធី បានបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញនូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដានដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស៕អត្ថបទ៖ហ្សាលីន