សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិសំខាន់ចំនួន៣ខ្សែ ក្នុងខេត្តក្រចេះ នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ។

នេះបើយោងតាមកិច្ចប្រជុំគណៈកម្មការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំដោយលោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនោះ លោក ផែង សុវិជ្ជានោ បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាពីការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ស្ថិតនៅខេត្តក្រចេះក្រោមឥណទានសម្បទានពីធនគារពិភពលោក។
ជាងនេះទៀត លោកថា កិច្ចប្រជុំនេះ ក៏ដើម្បីពិនិត្យបន្ថែមទៅលើវឌ្ឍនភាពការងារ នៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនការងារពាក់ព័ន្ធឱ្យបានរួចរាល់ សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការរៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុកផងដែរ។
សូមបញ្ជាក់ជូនថា កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ប្រវែងសរុប ៩៨,៤០ គីឡូម៉ែត្រ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ហ្សាលីន

