កម្ពុជា និងវិនិយោគិនហុងកុង ប្តេជ្ញារួមគ្នាជំរុញការវិនិយោគលើវិស័យអាទិភាពធំៗដែលកំពុងមានសក្តានុពល សំដៅឈានទៅពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចពហុវិស័យ ដែលផ្តល់តម្លែបន្ថែមខ្ពស់។

នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំដោយ លោកបណ្ឌិត Jonathan K S Choi ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sunwah Group ដើម្បីពិភាក្សាការងារ ដោយផ្តោតជាសំខាន់លើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចពហុវិស័យនៅកម្ពុជា ព្រមទាំងមកស្វែងយល់ពីតថភាពជាក់ស្តែងនៃបរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងភាគីទាំងពីរ ក្នុងការប្រែក្លាយកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះឱ្យទៅជាផ្លែផ្កាជាក់ស្តែង តាមរយៈការប្តេជ្ញាជំរុញការវិនិយោគលើវិស័យអាទិភាពធំៗ។ ជំនួបនេះ ក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការផ្ទេរបច្ចេកវិទ្យាទំនើបៗមកកាន់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារជំនាញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាពវែងឆ្ងាយផងដែរ។
សូមជម្រាប់ដែរថា តាមរយៈជំនួបពិភាក្សានេះដែរ ភាគីកម្ពុជា ក៏បានលើកឡើងយ៉ាងលម្អិតអំពីកត្តាសក្តានុពល និងកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖១. កម្លាំងពលកម្មវ័យក្មេង៖ ២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យុទ្ធសាស្ត្រ ៣. កំណែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន៖ និង៤. ការធានាសន្តិសុខ និងបរិយាកាសវិនិយោគ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តយ៉ាងរឹងមាំជូនដល់វិនិយោគិនបរទេសថែមទៀត។
ជាមួយគ្នានេះ ប្រតិភូហុងកុង ក៏បានសម្តែងនូវក្តីសោមនស្សរីករាយនូវចំណងរវាងក្រុមហ៊ុន Sunwah Group និងប្រទេសកម្ពុជា ក៏ដូចជារវាងរូបលោកផ្ទាល់ និងលោកឧបនាយករដ្ឋមន្ត្រី។ជាមួយគ្នានេះ អ្នកធុរកិច្ចទាំងនោះ ក៏បានបានសម្តែងនូវបំណងយ៉ាងមុតមាំក្នុងការនាំយកនូវ គម្រោងវិនិយោគសក្តានុពល មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើវិស័យអាទិភាព និងបច្ចេកវិទ្យាទំនើបៗផងដែរ៕អត្ថបទ៖ហ្សាលីន


