ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមហ៊ុន KHEMRA NEXUS Co., Ltd. បានបើកកិច្ចពិភាក្សាគ្នា ដើម្បីជំរុញគម្រោងវិនិយោគអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។នេះបើតាមជំនួបពិភាក្សាកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសនាយករដ្ឋមន្ត្រីលើកិច្ចការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីគម្រោងវិនិយោគអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់ក្រុមហ៊ុន KHEMRA NEXUS Co., Ltd.។

នាឱកាសនោះ ភាគីក្រុមហ៊ុន KHEMRA NEXUS Co., Ltd. បានបញ្ជាក់ថា គោលគំនិតចម្បងរបស់ក្រុមហ៊ុនគឺធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថលមួយដែលជួយសហគ្រាសធុនមីក្រូ តូច និងមធ្យម មានលទ្ធភាពតភ្ជាប់មូលដ្ឋានផលិតកម្មរបស់ខ្លួនទៅដល់ទីផ្សារ ពិសេសការតភ្ជាប់នឹងសេវាហិរញ្ញវត្ថុ ដែលការណ៍នេះនឹងជួយលើកកម្ពស់សមត្ថភាព និងការរីកលូតលាស់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនដែលអាចចូលរួមចំណែកសម្រួលដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាជួយដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នមួយចំនួនដូចជា ការតភ្ជាប់នឹងទីផ្សារ ការទទួលសេវាហិរញ្ញវត្ថុ។ល។ មួយវិញទៀត គម្រោងវិនិយោគនេះក៏នឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាល សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជាកាលពីឆ្នាំ២០២៥ មានជាង៩៨ភាគរយ នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមានប្រមាណ ៧៥៣,៦៧០ សហគ្រាស ដែលផ្ដល់ការងារប្រមាណ ៧០ភាគរយ នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២លាន ៩សែននាក់ ដែលបានការងារធ្វើដោយកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕អត្ថបទ៖ ហ្សាលីន

