លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារជិត ២ខែ (១៥ មិថុនា – ១៤ សីហា) នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន សំដៅស្វែងរកដំណោះស្រាយជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនសរុប ៤២រូប ។

លោក ហួត ហាក់ បានឱ្យដឹងថា តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ភ្ញៀវទេសចរចិនដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ ១៣.២៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ កំណើននេះបានស្តែងឱ្យឃើញពីទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរ និងវិនិយោគិនចិនមកលើកម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញ។
សូមបញ្ជាក់ថា ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត៕




