ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន មកស្វែងរកសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា សំដៅឈានទៅជំរុញការវិនិយោគនាពេលឆាប់ខាងមុខនេះ។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយក្រុមហ៊ុន iFLYTEK ដឹកនាំដោយ លោក Fang Ming អនុប្រធានក្រុមហ៊ុន កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ គណៈប្រតិភូក្រុមហ៊ុន iFLYTEK បានលើកឡើងថា ការបំពេញទស្សនកិច្ចការងារដោយផ្ទាល់នៅភ្នំពេញ នាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពីសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលផ្ទុយស្រឡះពីព័ត៌មានអវិជ្ជមានមួយចំនួនដែលត្រូវបានផ្សព្វផ្សាយនាពេលកន្លងមក។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនក៏បានបន្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជារឿងសំខាន់ ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងឧត្តមភាពក្នុងប្រតិបត្តិការការងារ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ដើម្បីប្រែក្លាយឱកាសនេះ ឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងណាមួយនាពេលអនាគត ឯកឧត្តម ក៏បានណែនាំក្រុមហ៊ុន ឱ្យរៀបចំជំនួបពិភាក្សាការងារជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សំដៅសិក្សាស្វែងយល់បន្ថែមអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការដែលអាចទៅរួច និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមជម្រាបដែរថា iFLYTEK គឺជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI) ដ៏ធំនិងឈានមុខមួយរបស់ប្រទេសចិន ដែលត្រូវបានចុះបញ្ជីជាសាធារណៈ និងមានភាគហ៊ុនមួយផ្នែកជារបស់រដ្ឋ ដោយមានទីស្នាក់ការកណ្តាលស្ថិតនៅក្រុងហឺហ្វេ ខេត្តអានហួយ នៃប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយមានឯកទេសលើបច្ចេកវិទ្យាសំឡេង (Speech Recognition), ដំណើរការភាសាធម្មជាតិ (Natural Language Processing), ម៉ាស៊ីនរៀន (Machine Learning), និងគំរូការយល់ដឹងកម្រិតខ្ពស់ (Cognitive Large Models ) ដែលមានសមត្ថភាព «គិត វិភាគ និងយល់ដឹង» ប្រហាក់ប្រហែលនឹងខួរក្បាលមនុស្ស៕ អត្ថបទ៖ហ្សាលីន

