សម្តេចធិបតី នឹងដាក់ឱ្យប្រើប្រាស់ផ្លូវចំនួនសំខាន់ចំនួន ៣ខ្សែនៅខេត្តក្រចេះ នៅថ្ងៃទី២៥ សីហានេះ

សង្គម​ និង​សេដ្ឋកិច្ច

សមិទ្ធផលផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះ នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ស្អែកនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះបើយោងតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមិទ្ធផលផ្លូវទាំង៣ខែ្សនោះរួមមាន៖ ១.ផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A។២.ផ្លូវជាតិលេខ៧៣ មានចំណុចចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤៩,៨១២ គ.ម ដោយលើកកម្ពស់ និងពង្រីកទទឹងផ្លូវដល់១១ម៉ែត្រ មាន២គន្លងផ្លូវ។និង ៣. លើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៧ មានប្រវែងសរុប ៣៥ គ.ម (គ.ម០+៥០០ ដល់គ.ម៣៥+៥០០) ដែលមានចំណុចចាប់ផ្តើមប្រវែង ៥០០ម៉ែត្រ ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ១៣,៥៩៣ គ.ម (គ.ម0+០០០ ដល់គ.ម១៣+៥៩៣) គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ នៃខេត្តក្រចេះ ដោយស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥ សម។

សូមជម្រាបថា ផ្លូវទាំង៣ខ្សែនេះសាងសង់រយៈពេល២១ខែ និងសុពលភាពជួសជុលថែទាំ៥០ខែ ដោយត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ផ្លូវនេះ បានចាប់ផ្តើមសាងសង់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។រដ្ឋាភិបាល ចាត់ទុកថា សមិទ្ធផលទាំងនេះមានសារសំខាន់ណាស់សម្រាប់ការតភ្ជាប់ផ្ទៃក្នុង និងជំរុញសេដ្ឋកិច្ចតំបន់ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ៕អត្ថបទ៖ហ្សាលីន