ភ្នំពេញ ៖ ជីប ម៉ុង រីថែល នឹងនាំយកបរិយាកាស និងអត្តសញ្ញាណពីសហគមន៍កំពង់ភ្លុក មកបង្ហាញជូនប្រជាជននៅរាជធានីភ្នំពេញ តាមរយៈផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប”។

កំពង់ភ្លុក គឺជាសហគមន៍រស់នៅលើទឹកដ៏មានលក្ខណៈពិសេស ដែលបង្ហាញពីរបៀបរស់នៅរបស់ប្រជាជនតំបន់បឹងទន្លេសាប តាមរយៈផ្ទះលើទឹក ការប្រើប្រាស់ទូក និងជីវភាពដែលផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ។
ជាផ្នែកមួយនៃគម្រោងនេះ លោកជំទាវ លី សុខឆេង អគ្គនាយិកា ជីប ម៉ុង រីថែល និងស្ថាបនិក ភូមិខ្មែរ អ្នកធ្វើ បានចុះទៅកាន់សហគមន៍កំពង់ភ្លុក ខេត្តសៀមរាប ដោយផ្ទាល់ ដើម្បីស្វែងយល់ពីការរស់នៅរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនៅទីនោះរួមមាន សាប៊ូ អូរ៉ា ទឹកដោះគោ ផ្កាឈូក និងទឹកពិសា កម្ពុជា។

តាមរយៈផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” ជីប ម៉ុង រីថែល មានបំណងបង្កើតកន្លែងមួយនៅភ្នំពេញ ដែលអាចឱ្យប្រជាជនក្នុងស្រុក និងភ្ញៀវបរទេស ស្វែងយល់ពីជីវិត អត្តសញ្ញាណ និងរឿងរ៉ាវរបស់សហគមន៍បឹងទន្លេសាប។
ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” នឹងបើកជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ នៅ ផ្សារទំនើប ជីប ម៉ុង សែនសុខ អៅឡែត។
ក្នុងថ្ងៃបើកជាផ្លូវការ នឹងមានការចែកម្ហូបរហូតដល់ ៣,៣៣៣ ចាន និងរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់ ៩៩០ ដុល្លារអាមេរិក ជូនអ្នកចូលរួមផងដែរ៕











