រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាង ១៦ លានដុល្លារ ជួយអភិវឌ្ឍន៍គម្រោងចំនួន២ នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបចំនួន ២,៤ពាន់លានយ៉េន (ប្រមាណជាង ១៦លានដុល្លារអាម៉េរិកដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីអនុវត្តគម្រោងជំនួយឥតសំណងចំនួនពីរ ដែលផ្តោតលើការគ្រប់គ្រងគុណភាពទឹកនៅរាជធានីភ្នំពេញ និងការគ្រប់គ្រងកាកសំណល់នៅខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងកាលព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈការចុះហត្ថលេខាលើការផ្លាស់ប្តូរលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ីស៊ីស៊ូគី ហ៊ីដេអូ (Ishizuki Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសព័ត៌មានថា កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនពីរ ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដូចខាងក្រោម៖ ១. ទឹកប្រាក់ចំនួន ១,៤ ប៊ីលានយ៉េន (ប្រមាណ ៩,៤ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោង «សាងសង់រោងចក្រផលិតក្ខ័ររាវ» និង២. ទឹកប្រាក់ចំនួន ១ ប៊ីលានយ៉េន (ប្រមាណ ៦,៧១ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្ត គម្រោង «ការគ្រប់គ្រងសំណល់រឹងទីប្រជុំជនតាមបែបសេដ្ឋកិច្ចចក្រាក្នុងខេត្តបាត់ដំបង»។

គម្រោងទីមួយមានគោលបំណងបង្កើតប្រព័ន្ធផ្គត់ផ្គង់សារធាតុសម្លាប់មេរោគដែលមានសុវត្ថិភាពជាងមុន អាចទុកចិត្តបានជាងមុន និងមានប្រសិទ្ធភាពជាងមុន សម្រាប់សេវាកម្មទឹកស្អាតនៅក្នុងតំបន់រាជធានីភ្នំពេញ ចំណែកគម្រោងទីពីរមានគោលបំណងពង្រឹងការគ្រប់គ្រងសំណល់នៅក្នុងខេត្តបាត់ដំបង។

ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន៕ អត្ថបទ៖ហ្សាលីន