Angkor Daily Foods ក្រុមហ៊ុនក្នុង​ស្រុក​​គេស្គាល់ច្រើន​តាម​រយៈភេសជ្ជៈ Champion ​មាន​​វិញ្ញាបនបត្រ​​ផលិតផលហាឡាលកម្ពុជាថែម​ទៀត

សង្គម​និង​សេដ្ឋកិច្ច

Angkor Daily Foods ដែល​គេ​ស្គាល់​តាម​រយៈ​ការ​ផលិតផល​ភេសជ្ជៈ Champion ICE, Red Ant, និង Missile ជា​ក្រុមហ៊ុនក្នុង​ស្រុកដែល​​មាន​ជំនាញ​ខាង​​​ផលិតផលអាហារ​ហាឡាល​ សម្រាប់​អ្នកកាន់សាសនាឥស្លាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ផ្តើមដំណើរការ​កាលពី​ឆ្នាំ​២០១៧ ក្រៅពី​ជំនាញ​ខាង​ផលិតភេសជ្ជៈប៉ូវ​កម្លាំង ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក​នេះ​​ទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជាតិ និង អន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។

លោកស្រី សុខ សុភាព អគ្គនាយិកា ក្រុមមហ៊ុនអង្គរដេលីហ៊្វូដ ខូអិលធីឌីបានថ្លែងថា ក្រុមហ៊ុនអង្គរដេលីហ៊្វូដ ខូអិលធីឌី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈប៉ូវកម្លាំង បច្ចុប្បន្នក្រុមហ៊ុនមានផលិតភេសជ្ជៈដូចជា Champion ICE, Red Ant, និង Missile និង​មានទីតាំងរោងចក្រផលិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយ​ក្រុមហ៊ុន​​អនុវត្តស្តង់ដាហាឡាល និង​ទទួលបានវិញ្ញាបនបត្រ​ហាឡាល បាន​ធ្វើឲ្យអតិថិជនទាំងថ្នាក់ជាតិ និងអន្តរជាតិ មានការគាំទ្រកាន់តែច្រើនឡើង ជាពិសេសបងប្អូនជនជាតិអ៉ីស្លាម។

កាលពីពេលថ្មីៗនេះ ឧកញ៉ា អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បាន​ដឹកនាំប្រតិភូធ្វើទស្សនៈកិច្ចពិនិត្យខ្សែ ច្រវ៉ាក់ផលិតកម្មផលិតផលហាឡាល នៅក្រុមហ៊ុន Angkor Daily Foods Co., Ltd។

ឧកញ៉ា​ដែល​មាន​តួនាទីជា​ទេសរដ្ឋមន្រ្តី​ផង​នោះ បាន​ជំរុញលើកទឹកចិត្តដល់រោងចក្រសហគ្រាសដែលបានចុះបញ្ជីប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជា ឲ្យអនុវត្តការផលិតកាន់តែប្រសើរ និងកាន់តែច្រើនឡើង ដើម្បី​ជួយជំរុញលើកទឹកចិត្តឲ្យរោងចក្រសហគ្រាសដទៃទៀត ទទួលយកការប្រើប្រាស់ស្តង់ដារហាឡាល សំដៅការផ្គត់ផ្គង់ក្នុងទីផ្សារជាតិ និងអន្តរជាតិកាន់តែខ្លាំងឡើង។

បើតាមលោកទេសរដ្ឋមន្ដ្រី ផលិតផលហាឡាលមិនសំដៅសម្រាប់តែតម្រូវការចាំបាច់របស់អ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ផលិតផលហាទ្បាល គឺមានទំហំធំធេងបើធៀបនឹងចំនួនប្រជាជនមុស្លិមលើសកលលោក ដែលមានអ្នកកាន់សាសនាឥស្លាមស្មើនឹង១ភាគ៣ឯណោះ៕