តើពន្ធ និងអាករ មានលក្ខណៈដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

​មាន​ការ​លើកឡើង​ជា​រឿយៗ​ពី​ពន្ធអាករ ហើយ​ក៏មាន​ការ​ស្រពិចស្រពល​លើអត្ថន័យ​និងការប្រើប្រាស់​ពាក្យ​បច្ចេកទេស​នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា​ញូសន៍ សូមពន្យល់​ពី​ការ​ប្រើប្រាស់​និង​ខ្លឹមសារនៃ​ពាក្យ​ពន្ធ និង​អាករ​ដើម្បី​ជា​ចំណេះដឹង​បន្ថែម។

លក្ខណៈដូចគ្នា៖

ពាក្យពន្ធ និងអាករ មានន័យទូទៅដូចគ្នា គឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋនិងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជូនរដ្ឋទៅតាមច្បាប់កំណត់។

លក្ខណៈខុសគ្នា៖

ពាក្យពន្ធសំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយផ្ទាល់។ និយាយឲ្យងាយយល់ ពន្ធមានន័យថា ពន្ធផ្ទាល់ឬបន្ទុក​ផ្ទាល់ ឬកាតព្វកិច្ចផ្ទាល់ ដែលតម្រូវឲ្យបង់ផ្ទាល់ពីអ្នកជាប់ពន្ធ។

ឧទាហរណ៍៖

១. ពន្ធលើប្រាក់បៀវត្ស ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីអ្នកជាប់ពន្ធ
២. ពន្ធលើប្រាក់ចំណេញជាពន្ធផ្ទាល់ព្រោះត្រូវទារផ្ទាល់ពីក្រុមហ៊ុន ឬអាជីវករ
៣. ពន្ធលើមធ្យោបាយ និងយានជំនិះ ជាពន្ធផ្ទាល់ ព្រោះត្រូវទារពីម្ចាស់យានជំនិះ។

ពាក្យ អាករ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ​) ជួនរដ្ឋទៅតាមច្បាប់កំណត់ដោយប្រយោល។ និយាយឲ្យងាយយល់ អាករ មានន័យថា ពន្ធប្រយោល ឬបន្ទុក​ប្រយោល ឬកាតព្វកិច្ចប្រយោល ដែល តម្រូវឲ្យបង់ដោយប្រយោលពីអ្នកជាប់ពន្ធ ។

ឧទាហរណ៍៖

១. អាករលើតម្លៃបន្ថែម ជាពន្ធប្រយោល ព្រោះត្រូវកំណត់តម្លៃបន្ថែមទៅលើទំនិញ ឬសេវា ដែលបានទិញពីអ្នកប្រើប្រាស់ចុងក្រោយ។
២. អាករពិសេសលើទំនិញ និងសេវាមួយចំនួនជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកប្រើប្រាស់ មិនមែនអ្នកផ្គត់ផ្គង់ទេ។
៣. អាករលើការស្នាក់នៅ ជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ មិនមែនបង់ដោយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ទេ៕