១២ សំនួរ​​ចោទ​សួរ​ជុំវិញ​ការ​បើក​ថ្នាក់​​បណ្តុះ​បណ្តាល​ជំនាញ​ផ្លូវ​ ស្ពាន​មុន​គេនៅស្រុកខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើ​ជា​វាគ្មិនក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “តើវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនមានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្សា?”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មានការ​ចោទសួរ​ពី​អ្នក​តាមដាន​លើ​ផេក និង​តាមប្រអប់ផ្ញើសារ​។ ក្នុងនោះ​មាន​ ១២ សំនួរ​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​ដែ​លត្រូវ​បានចោទ​សួរ​ពីមហាជន។

១. តើវិទ្យាស្ថានមានអាហារូបករណ៍១០០%ទេ?

– អាហារូបករណ៍១០០%៖ ផ្តល់ជូនដល់និស្សិតឆ្នើមដែលទទួលបានពិន្ទុខ្ពស់ចំនួន៥០នាក់ (មិនគិតពីនិស្សិតប្រុស ឬស្រីទេ)។ ចំពោះនិស្សិតជានារី នឹងទទួលបានអាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិ។ តម្លៃសិក្សា៦០០ដុល្លារ ក្នុង១ឆ្នាំ។ អាហារូបករណ៍ត្រូវបានផ្ដល់ជូនតែមួយឆ្នាំសិក្សាប៉ុណ្ណោះ មានន័យថា និស្សិតជ័យលាភីអាហារូបករណ៍ត្រូវខិតខំប្រឹងសិក្សា និងរក្សាចំណាត់ថ្នាក់នៃការសិក្សារបស់ខ្លួនឱ្យបានល្អ (យ៉ាងហោចណាស់៨៥% នៃលទ្ធផលសរុបប្រចាំឆ្នាំ) ទើបអាចបន្ដទទួលបានអាហារូបករណ៍នៅឆ្នាំបន្ទាប់។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយគណៈគ្រប់គ្រងវិទ្យាស្ថាន។

ក្រៅពីការសិក្សាឱ្យបានល្អ និស្សិតត្រូវមករៀនទៀងទាត់ ធ្វើជាគំរូល្អដល់និស្សិតផ្សេងទៀត មានឥរិយាបទ និងសីលធម៌ និងចូលរួមសកម្មភាពស្ម័គ្រចិត្ដនានា ដែលជាប្រយោជន៍ដល់និស្សិតដូចគ្នា។ ការធ្វើបែបនេះគឺវិទ្យាស្ថានមានគោលបំណងបណ្ដុះគ្រាប់ពូជធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងឥរិយាបទល្អ។

២. តើគ្រប់ជំនាញនីមួយៗត្រូវប្រឡងចូល ឬគ្រាន់តែទិញពាក្យអាចចូលរៀនបាន?

– គ្រប់ជំនាញ ទាំងអស់ត្រូវប្រឡងចូលរៀន មិនមែនគ្រប់និស្សិតដែលទទួលបាននិទ្ទេស A B ឬ C អាចចូលរៀនបានទេ ត្រូវឆ្លងកាត់ការប្រឡងទើបអាចចូលរៀនបាន។ ឆ្លងកាត់ការប្រឡងត្រូវការជ្រើសរើសគ្រាប់ពូជដែលល្អ ដើម្បីចូលរៀន។ ចង់ឃើញកូនខ្មែរក្លាយជាអ្នកជំនាញលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ជឿថាកូនខ្មែរធ្វើបាន។

៣. តើវិទ្យាស្ថានមានជំនាញអ្វីខ្លះដែរ?

– ជំនាញទាំងអស់មានចំនួន៦ ក្នុងនោះរួមមាន៖ ១. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ២. ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ៤. ជំនាញគ្រប់គ្រងភស្តុភាកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ៥. ជំនាញអ្នកបើកបរនាវា ៦. ជំនាញម៉ាស៊ីននាវា។

៤. សំណូមពរឱ្យវិទ្យាស្ថានបកស្រាយជំនាញនីមួយៗ៖

ក. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ គឺជាជំនាញដែលសិក្សាអំពីលក្ខណៈបច្ចេកទេសសំណង់ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន -ស្ពាន ផ្លូវដែក និង កំពង់ផែធានាឱ្យគុណភាពរឹងមាំប្រើប្រាស់បានយូរអង្វែង។

ខ. ជំនាញប្រព័ន្ធចម្រោះ ទឹកកខ្វក់គឺសិក្សាអំពីការវិភាគ និងវាយតម្លៃនៃដំណើរការប្រព្រឹត្តិកម្មទឹក ព្រមទាំងប្រតិបត្តិការ ការថែទាំ ទឹក

គ. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោកគឺសិក្សាពីបំលាស់ទីរបស់មនុស្ស និងទំនិញលើរយៈចម្ងាយក្នុងរយៈពេលកំណត់មួយ ដោយធ្វើយ៉ាងណាឱ្យការផ្លាស់ទីរបស់មនុស្ស និងទំនិញមាន ប្រសិទ្ធភាពបំផុត

ឃ. ជំនាញគ្រប់គ្រងភស្តុភាកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាការសិក្សាលើការសម្រប សម្រួលដល់ការផ្គត់ផ្គង់សម្ភារដល់ក្រុមហ៊ុនណាមួយ និងគឺជាការសិក្សាអំពីការផលិតនូវផលិតផល ដែលស្របតាមតម្រូវការរបស់អតិថិជន។

ង. ជំនាញអ្នកបើកបរនាវា គឺជាការសិក្សាអំពីជំនាញ ដែលពាក់ព័ន្ធនឹងការបើកបរនាវា និងកិច្ចការនៅលើកំពង់ផែ ដើម្បីសម្រួលដល់ការចេញ-ចូលនាវា ព្រមទាំងប្រតិបត្ដិការពាក់ព័ន្ធផ្សេងទៀត ជាជំនួយដល់ការបើកបរនាវា

ច. ជំនាញម៉ាស៊ីននាវា គឺជាជំនាញឯកទេសជួសជួល និងថែទាំនាវាព្រមទាំងកិច្ចការសង្គ្រោះបន្ទាន់ នៅពេលនាវាមានបញ្ហាពេលកំពុងប្រតិបត្ដិការ។

៥. តើវិទ្យាស្ថានបើកបវេសនកាលសម្រាប់និស្សិតជំនាន់ទី១ ធ្វើឡើងនៅថ្ងៃណាដែរ?

-នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រាប់ជំនាន់ទី១។ ជំនាន់ទី២ បើកបវេសនកាល ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ ចាប់ផ្ដើមទទួលពាក្យប្រឡងជំនាន់ទី២ចាប់ពីថ្ងៃ១៧ ខែមករា ដល់ថ្ងៃ១១ ខែកុម្ភៈ។ ប្រឡងជំនាន់ទី២ នៅថ្ងៃទី ១៤ ខែកុម្ភៈ និងចេញលទ្ធផលនៅថ្ងៃទី ១៥ ខែកុម្ភៈ ចុះឈ្មោះចូលរៀនជំនាន់ទី២ ថ្ងៃ១៥ ខែកុម្ភៈ ដល់ ថ្ងៃទី៩ ខែមីនា។

៦. តើអ្នកបាក់ឌុបជំនាន់២០១៩ និង២០២០ ឆ្នាំនេះអាចដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបានទេ?

-អាចដាក់ពាក្យបាន និងត្រូវប្រឡងចូលសិក្សាដូចគ្នា។

៧. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គឺជំរុញកំណើនសេដ្ឋកិច្ចជាតិ តើវិទ្យាស្ថានមានមុខវិជ្ជា ជំនាញវិភាគលើដងផ្លូវ ដើម្បីកំណត់ល្បឿនឱ្យមានសុក្រឹតសមស្របទាំងសុវត្ថិភាពទាំងការអភិវឌ្ឍទេ?

– មានគឺមុខវិជ្ជាបច្ចេកទេសអង្កេតការដឹកជញ្ជូន និងមុខវិជ្ជាអង្កេត និងព្យាករណ៍ការដឹកជញ្ជូន។ មុខវិជ្ជានេះគឺត្រូវសិក្សានៅក្នុងជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូន។

៨. តើវិទ្យាស្ថានមានការបណ្ដុះបណ្ដាលជំនាញអ្វីផ្សេងៗដែរឬទេ ក្រៅពីការបណ្ដុះបណ្ដាលលើជំនាញ ថ្នាក់បរិញ្ញាបត្រ?

– វគ្គបណ្ដុះបណ្ដាលមធ្យមបច្ចេកទេសជាន់ខ្ពស់ដូចជា៖ កម្មករជំនាញ កម្មករ ជំនាញជាន់ខ្ពស់ អ្នកបច្ចេកទេសយានយន្ដ អ្នកបើកបរគ្រឿងចក្រធុនធ្ងន់ ជំនាញគ្រប់គ្រងយានដ្ឋាន ជាដើម។ ជំនាញទន់ ដូចជា៖ ភាពជាអ្នកដឹកនាំ និងជំនាញទំនាក់ទំនង។

៩. តើកម្មវិធីសិក្សារបស់វិទ្យាស្ថានរៀនពេញមួយថ្ងៃឬ?

ចម្លើយ- សិក្សាពេញមួយថ្ងៃ ពីចន្ទ ដល់សុក្រពីម៉ោង៧ ដល់ម៉ោង១១ និងពីម៉ោង១ ដល់ម៉ោង៥ បើកថ្នាក់បំប៉នភាសាអង់គ្លេសថ្ងៃចន្ទ ពុធ និងសុក្រ ម៉ោង៥:៣០ល្ងាច ដល់ម៉ោង ៧:០០នាទីយប់។

១០. តើអាចដាក់ពាក្យដោយរបៀបណា?

– ដាក់ពាក្យផ្ទាល់នៅការិយាល័យសិក្សារបស់វិទ្យាស្ថាន មានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ០៩៨ ២១ ០២ ២១ និង ០៧៨ ២១ ០១ ២១ ដាក់ពាក្យតាមប្រព័ន្ធអនឡាញ តាមគេហទំព័រ exam.tsipwt.edu.kh។

១១. តើអ្វីជាលក្ខណៈប្លែកពីគេរបស់វិទ្យាស្ថាន?

ក. ជាគ្រឹះស្ថានសាធារណៈឈានមុខគេ ដែលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយជំនាញ ចំណេះដឹង និងសីលធម៌វិជ្ជាជីវៈ ដើម្បីត្រៀមខ្លួន ជាអ្នកបន្ដវេនក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅថ្ងៃអនាគត

ខ. អាចចុះអនុវត្ដការងារផ្ទាល់នៅ តាមការដ្ឋានសាងសង់ផ្លូវ ស្ពាន កំពង់ផែ សហគ្រាសជាតិ និងអន្ដរជាតិ ដែលជាដៃគូសហការរបស់ វិទ្យាស្ថាន។ ឆ្នាំទី២ត្រូវធ្វើកម្មសិក្សា។

គ. ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបំពាក់ដោយឧបករណ៍ទំនើបសម្បូរបែប សាស្រ្ដាចារ្យមានបទពិសោធន៍យូរឆ្នាំ និងអ្នកបច្ចេកទេសជាន់ខ្ពស់មកពីក្រសួងស្ថាប័ននានា និងកម្មវិធីសិក្សាស្របតាមស្ដង់ដាជាតិ និងអន្ដរជាតិ។

១២. តើរចនាសម្ព័ន្ធសិក្សានៅវិទ្យាស្ថានមានអ្វីខ្លះ?

ក. អគារសិក្សាកម្ពស់៣ជាន់៖ មានចំនួន ២៤ បន្ទប់ ដោយ៨បន្ទប់នៅជាន់ទី១ ជាបន្ទប់ដែលអាចបង្រៀនបែប HyFlex (ដែលបានត្រៀមរួចជាស្រេចសម្រាប់ទាំងការបង្រៀនក្នុងថ្នាក់ផ្ទាល់ ការបង្រៀនតាម Online និងការបង្រៀនបែបកូនកាត់)

ខ. បន្ទប់ Simulator ដែលបានបំពាក់ម៉ាស៊ីន Simulator ចំនួន០៣គ្រឿងសម្រាប់និស្សិតជំនាញបើកបរនាវា ធ្វើការហ្វឹកហាត់ និងអនុវត្ដមុនពេលធ្វើការបើកបរនាវាពិតប្រាកដ។

គ. បណ្ណាល័យ ដែលមានសៀវភៅ ជាង ១ម៉ឺនក្បាល មានបំពាក់កុំព្យូទ័រ និងមាន E-Library សម្រាប់និស្សិតចូលសិក្សាស្រាវជ្រាវ។

ឃ. មន្ទីរពិសោធន៍ កម្ពស់២ជាន់ ដែលជាជំនួយរបស់ប្រទេសកូរ៉េ ដែលកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅក្នុងពេលឆាប់ៗនេះ។ ៧០% នឹងបញ្ចប់មុនខែមីនា។ ពិសោធន៍សាកល្បងខែ៦ និងបើកដំណើរ ការនៅខែកក្តដា។ ជាមន្ទីរពិសោធន៍ស្រាវជ្រាវ របកគំហើញថ្មី ដើម្បីតាមទាន់នូវយុគសម័យថ្មី។

ង. អគារ Auditorium ដែលជាសាលសន្និបាត សាលប្រជុំ និងជាកន្លែងដែលវិទ្យាស្ថាននឹងអញ្ជើញវាគ្មិន និងអ្នក បច្ចេកទេសមកធ្វើបាឋកថា និងបទបង្ហាញនានាជូនដល់និស្សិត។

វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មាន​ចំនួនមន្ត្រី និងបុគ្គលិកកិច្ចសន្យាចំនួន៤៦នាក់ សាស្ត្រាចារ្យចំនួន៤៨ នាក់ កម្មវិធីសិក្សាជំនាន់ទីមួយ និងទីពីរ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រពេញមួយថ្ងៃ ចំនួននិស្សិតជំនាន់ទី១មានចំនួន១៩១ និងជំនាន់ទី២ មានចំនួន២០០នាក់ ការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានមានកម្រិតឧត្ដមសិក្សា និងក្រោយឧត្តមសិក្សា ជំនាយបច្ចេកទេសវគ្គខ្លីៗ និងជំនាញផ្នែកទន់៕