ក្រោយថ្ងៃ ៧មករា ១៩៧៩ កម្ពុជាមានអាគារខ្ពស់ជាងគេមួយត្រឹម ៧ជាន់ ខណៈបច្ចុប្បន្នមានជាង ១ពាន់៦រយអាគារ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយថ្ងៃ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា មានអគារដែលខ្ពស់ជាងគេត្រឹម ៧ជាន់ មានតែមួយប៉ុណ្ណោះ ហើយមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ៗប្រមាណ ១.៦០៣អាគារឯណោះ។ នេះបើតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឬស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ ៩ជាន់ និងលើសពី៤០ជាន់ មានប្រមាណ ១,៦០៣អគារ។ ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់ មាន ៤៥២អគារ, អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន ១២០អគារ, អគារកម្ពស់ ៣០ជាន់ ទៅ ៣៩ជាន់ មាន ៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ មាន ៤០អគារ។

សម្តេច ហ៊ុន សែន បានថ្លែងបន្តថា លោកមានមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញ បើទោះបីលោកជាអ្នកដឹកនាំកសាងដោយផ្ទាល់ក្តី។ យ៉ាងណា សម្តេចថា រាជធានីភ្នំពេញ មានការអភិវឌ្ឍច្រើន ប៉ុន្តែបើគ្មានសន្តិភាពទេ ការអភិវឌ្ឍនេះមិនអាចគង់វង់នោះឡើយ។

បើតាមសម្តេចនាយករដ្ឋមន្រ្តី អ្នកថ្ងូររឿងប្រេងឡើងថ្លៃ នៅតែថ្ងូរ តែធ្វើដំណើរកម្សាន្តនៅធ្វើ។ សម្តេចថា ការឡើងថ្លៃប្រេងនេះជាកត្តាសកលលោក។

សម្តេចគូសបញ្ជាក់ថា មានកត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋអាចធ្វើដំណើរកម្សាន្ត ទី១៖ សន្តិភាព បើគ្មានសន្តិភាពប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តនោះឡើយ, ២៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដែលបានតភ្ជាប់ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ មិនអាចឱ្យពលរដ្ឋធ្វើកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតបានឡើយ, ៣៖ ធម្យោបាយដឹកជញ្ជូនកើនឡើង, សម្តេចតេជោ បានកត់សម្គាល់ថា ការដឹកជញ្ជូនទាំងផ្ទាល់ខ្លួន និងឯកជន បានកើនឡើងច្រើន, ៤៖ មានប្រាក់, សម្តេចបន្តថា បើប្រជាពលរដ្ឋមិនមានប្រាក់ មិនអាចធ្វើដំណើរកម្សាន្តបានទេ៕

តើ​ការសាងសង់​អាគារ​កប់​ពពក​នៅ​រាជធានី​ភ្នំពេញ​សមស្រប​នឹងស្ថានភាព​នគរូបនីយកម្ម​ឬទេ​?  - Leading Real Estate News in Cambodia
តើសំណង់អគារខ្ពស់ៗចាំបាច់ឬទេសម្រាប់ក្រុងភ្នំពេញ? - Construction & Property  News