ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក កើន​ឡើង ៣៨%

សង្គម​និង​សេដ្ឋកិច្ច

នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបាន​ឈាន​សម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុង​ពិធី​ចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនលោក​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួ​ង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា តាម​រយៈ​កិច្ច​សហការ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​​រវាង​ចិន​និង​កម្ពុជា​ បាន​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈកាល​ចុងក្រោយ​នេះ។ ជាក់ស្តែង​នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ក្រោយ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការសន្ទនាអាស៊ាន-ចិន លោកស៊ី ជីងពីង ប្រធានាធិបតីចិនបានប្រកាសថា ប្រទេសចិនមានទីផ្សារក្នុងស្រុកដ៏ធំ ដែលតែងតែបើកចំហជានិច្ចសម្រាប់បណ្តាប្រទេសអាស៊ាន។ ម្យ៉ាងទៀត ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពកាន់តែច្រើនពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្មដែលមានតម្លៃដល់ទៅ ១៥០ ពាន់លានដុល្លារអាមេរិក។

កាលពីព្រឹកម្សិលមិញ​នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបាន​រៀបចំពិធីចុះហត្ថលេខា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ក្រសួងពាណិជ្ជកម្ម បាន​សម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីឆ្នាំ២០២២-២០២៣។

បើ​តាម​លោក​រដ្ឋមន្រ្តី នេះ​ជា​សមិទ្ធិផលដ៏ធំ​មួយ​ទៀត ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ៕