ក្រុមហ៊ុន​អាល្លឺម៉ង់​ជួយ​កម្ពុជា​ ប្រើ​ទូកបំពាក់បច្ចេកវិទ្យា​ចាប់​ទីតាំង អាចប្រមូលសំរាមក្នុងទឹកជាង ២០​តោនក្នុងមួយថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

កាលពីម្សិលមិញនេះ ប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក Clemens Nepomuk Feigl ប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុន Everwave GmbH បាន​ជួប​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ដើម្បីពិភាក្សាការងារលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាម​រយៈ​ដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

លោក Clemens Nepomuk Feigl ប្រធាន និងជាសហស្ថាបនិកក្រុមហ៊ុន Everwave GmbH បានឲ្យ​ដឹង​ថា យុទ្ធនាការនេះនឹងប្រើប្រាស់ទូក CollectiX ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។

សំរាមដែលប្រមូលបាននឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup រួចសំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។

លោក Clemens Nepomuk Feigl បានបញ្ជាក់ថា យុទ្ធនាការនេះមានសកម្មភាពគោលចំនួន៦ ដែលមានដូចខាងក្រោម៖

* ទី១៖ ការសម្អាតទន្លេ ប្រើប្រាស់ទូកប្រមូលសំរាម CollectiX ដើម្បីប្រមូលសំរាមប្លាស្ទីក និងសំរាមដែលអណ្តែតទឹកដទៃទៀតចេញពីទន្លេ។

* ទី២៖ ការសម្អាតតាមច្រាំងទន្លេ សកម្មភាពសម្អាតដោយមនុស្សតាមច្រាំងប្រមាណ ២០០ម៉ែត្រពីទន្លេ ដើម្បីទប់ស្កាត់កុំឱ្យសំរាមធ្លាក់ចូលទៅក្នុងទន្លេ។

* ទី៣៖ ការកែច្នៃសំរាម សំរាមដែលប្រមូលបាននឹងត្រូវបានយកទៅកែច្នៃដោយក្រុមហ៊ុន ជីប ម៉ុង Ecocycle និងអ្នកកែច្នៃសំរាមដទៃទៀត សម្រាប់ជាដំណោះស្រាយ យូរអង្វែង។

* ទី៤៖ ការអប់រំ យុទ្ធនាការនេះនឹងអប់រំអំពីការរស់នៅប្រកបដោយចីរភាព ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ និងសិស្សានុសិស្ស។

* ទី៥៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ យុទ្ធនាការនេះនឹងជម្រុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការរស់នៅប្រកបដោយចីរភាព។ យុទ្ធនាការនេះនឹងសិក្សា ទៅលើហេដ្ឋារចនាសម្ព័ន្ធសំរាមដែលមានសព្វថ្ងៃ និងផ្តល់ជាអនុសាសន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធសំរាម។

* ទី៦៖ ការរឹតបន្តឹងការអនុវត្តច្បាប់ទាក់ទងនឹងសំរាម គម្រោងនេះនឹងរៀបចំជាសិក្ខាសាលាជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកំណត់នូវបញ្ហាប្រឈម ដែលរាំងស្ទះការអនុវត្តច្បាប់ កត្តាជម្រុញឱ្យអាជ្ញាធររឹតបន្តឹងច្បាប់ និងគាំទ្រនូវកាអភិវឌ្ឍគម្រោងរឹតបន្តឹងច្បាប់។

លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសសង្គម Everwave និងអង្គការ River Ocean Cleanup ដែលបានរៀបចំយុទ្ធនាការ សម្អាតទន្លេនេះឡើង ដែលជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងការធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការ ប្រឡងប្រណាំង ទីក្រុងស្អាតនៅកម្ពុជា។

បើ​តាម​លោក​រដ្ឋមន្រ្តី ការ​សហការជាមួយ Everwave និង River and Ocean Cleanup មិនត្រឹមតែជាការសម្រេចបានក្តីសុបិន្តក្នុងការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាម ទាំងលើគោក និងផ្ទៃទឹកផងដែរ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវឱ្យក្រុមការងារបន្តបេសកកម្មសម្អាតទន្លេនេះរយៈពេលវែង និងមិនត្រឹមតែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺត្រូវបន្តទៅខេត្ត ឬតំបន់ដែលមានទេសចរណ៍ប្រមូលផ្តុំ ដូចជាតំបន់ចុងឃ្នាស ខេត្តសៀមរាប និងខេត្តជាប់ទន្លេ​និងសមុទ្រផ្សេងៗទៀត ដើម្បីចូលរួមជំរុញភាពស្អាត និងបៃតងនៅ តាមដងទន្លេ និងសមុទ្រនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យជិះទូក ឬធ្វើសកម្មភាពទេសចរណ៍តាមទន្លេ និង សមុទ្រឲ្យកាន់តែច្រើនថែមទៀតផងដែរ៕