រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពន្យល់ពីមូលហេតុដែលតម្លៃ​អគ្គិសនី​ មិន​ឡើង​ថ្លៃ​តាម​តម្លៃ​ប្រេងសាំង

សង្គម​និង​សេដ្ឋកិច្ច

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីពិធីបើកវេទិការថាមពលកម្ពុជា ស្ដីពី “ការរៀបចំ​ប្រព័ន្ធថាម​ពល​​កម្ពុជាសម្រាប់ពេលអនាគត” កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋា​គារ Sofitel Phokeethra រាជធានីភ្នំពេញ  លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ទោះបីជាប្រេងសាំងឡើងថ្លៃ ប៉ុន្តែតម្លៃអគ្គីសនីនៅរក្សាដដែល ពោល​គឺ​មិនឡើងឬចុះតាមតម្លៃប្រេង​នោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុយ សែម បានពន្យល់ថា មូលហេតុដែលតម្លៃអគ្គីសនីមិនឡើង​តាមតម្លៃប្រេងសាំង​នា​ពេ​ល​នេះ ដោយ​សារគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែកម្ពុជា​បាន​សម្រេ​ច​​​​ហើយ​ក្នុងឆ្នាំ២០២២នេះ ទោះបីជាយ៉ាងណាគឺអគ្គីសនីមិនឡើងថ្លៃ  ហើយការ​សម្រេច​នេះ​ធ្វើឡើងតាំងពីមុនពេលមានការឡើងថ្លៃប្រេងសាំង។

លោក ស៊ុយ សែម បានបន្តថា ជាធម្មតា​រាជរដ្ឋាបាលភិបាល​តែងមាន​គោល​នយោ​បាយបញ្ចុះ​ថ្លៃអគ្គិសនី​រៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះរក្សាថ្លៃដដែលដោយសារ ទី១បញ្ហាសល់ថាមពលអគ្គិសនី​ដែលកម្ពុជាប្រើមិនអស់​ និង​ទី២ បញ្ហាប្រេងសាំងកំពុងឡើងថ្លៃ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី​ ក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះកម្ពុជាមិនមានបញ្ហាការខ្វះ​ខាត​អគ្គិសនី​​​​ប្រើប្រាស់ទៀតនោះទេ គឺការប្រើប្រាស់ថាមពលអគ្គិសនីបច្ចុប្បន្ន​នៅសល់ប្រមាណ៥០ភាគរយ ដោយ​សារបញ្ហកូវីដ១៩​ ដែលបានធ្វើអោយផ្នែក​សេដ្ឋកិច្ចមួយចំនួនមិនទាន់ដំណើរឡើងវិញ​ជាពិសេស​វិស័យទេសចរណ៍។ ដោយឡែក​ បច្ចុប្បន្ន កម្ពុជាក៏មានក្រុមហ៊ុនផលិតថាម​ពល​អគ្គី​សនី​ដើរដោយពន្លឺព្រះអាទិត្យចំនួន៥ក្រុមហ៊ុន ដែលមានសមត្ថភាព​ផលិតថាម​ពល​អគ្គិសនី បាន៣៧១មេហ្កាវ៉ាត់ផងដែរ ។

គួរបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពល បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពល ដែល​​ជាផែនការពេញលេញសម្រាប់រយៈពេលវែង (២០២១-២០៤០) ដែលមាន​គោលបំណង​ធ្វើការសិក្សាវាយតម្លៃអំពីសេណារីយ៉ូនៃកំណើនតម្រូវការ ជម្រើសផ្សេងៗនៃការអភិវឌ្ឍប្រភព​អគ្គិសនី និងការសិក្សាស្វែងយល់អំពីតម្រូវការក្នុងការពង្រីកបណ្តាញបញ្ជូន និងបណ្តាញ​ចែកចាយ។

គោលការណ៍ដែលជាមូលដ្ឋានដឹកនាំដំណើរការរៀបចំផែនការមេនេះ គឺដើម្បីផ្តល់ឲ្យ​អ្នក​ប្រើ​ប្រាស់​​ទាំងអស់នូវថាមពលអគ្គិសនីមួយដែលមានថ្លៃសមរម្យ មានស្ថេរភាព និងអាចទុកចិត្ត​បាន ទន្ទឹមនឹងការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៃការផ្គត់ផ្គង់អគ្គិសនី និងប្រសិទ្ធភាពនៃ​ការប្រើប្រាស់អគ្គិសនីក្នុងគ្រប់វិស័យ។

ក្រសួងរ៉ែនិងថាមពលបេ្តជ្ញាក្នុងការបង្កើននិងផ្តល់អាទិភាពឲ្យបានជាអតិបរមាការពង្រីកការប្រើប្រាស់ថាមពលស្អាត ជាពិសេសថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ វិធីសាស្ត្រ​នេះ គឺស្របទៅតាមក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើន​សេដ្ឋកិច្ចក្នុងការរស់​នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដែលរួមមានសសរស្តម្ភចំនួន ៣ គឺ៖ ការងើបឡើងវិញ កំណែទម្រង់ និងភាពធន់ ៕ អត្ថបទ៖ ពុធិកា