រូបបដិមាព្រះថោង-នាងនាគ ចាយទឹកប្រាក់សាងសង់អស់ជាង ១លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែមីនា ២០២២​។

ជាមួយគ្នានេះ រដ្ឋាភិបាលចំណយទឹកប្រាក់ជាង១លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងដំណើរការសាងសង់រូបបដិមាព្រះថោង-នាងនាគ ដែលត្រូវបានអភិសេកនៅថ្ងៃទី១៦ខែមេសានេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមលោក លី រស្មី អនុរដ្ឋលេខាធិការនៃក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅយប់ថ្ងៃទី ១៦នេះ។

រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ គឺជា​និម្មិត​រូប នៃ​ការកកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​តរៀងមក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូតដល់​សព្វថ្ងៃ​។

លោក លី រស្មី បានថ្លែងថា បដិមាព្រះថោង-នាងនាគ ជារូបសំណាកធំជាងគេនៅកម្ពុជាជាមួយនឹងទម្ងន់៦០តោន។

អ្នកជំនាញរូបនេះបន្តថា ក្រៅពីរូបបដិមព្រះថោង-នាងនាគ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ គ្រោងដាក់តាំងរូបសំណាកមួយចំនួនទៀតដូចជាៈបដិមា ព្រះវិស្ណុ និងព្រះនាងឧមាភគវតី ឬហៅថា ឧមាមហេស្វរៈ និងបដិមា សីហរាជមុខ៣។

ក្រៅពីក្រុងព្រះសីហនុ ស្ថាបត្យកររូបនេះ សង្ឃឹមថា រដ្ឋាភិបាលនឹងមានគម្រោងសាងសង់រូបសំណាកបុព្វបុរសខ្មែរផ្សេងទៀតដើម្បីដាក់តាំងបង្ហាញឲ្យបានច្រើនក្នុងប្រទេសកម្ពុជា៕