ក្រសួងពាណិជ្ជកម្ម ផ្តល់គោលការណ៍ចំនួន៧ចំនុចធំៗ ដើម្បីគ្រប់គ្រងកម្មសិទ្ធិបញ្ញាឲ្យមានប្រសិទ្ធភាព

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្តល់គោលការណ៍ចំនួន ៧ចំនុចធំៗ ទៅកាន់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីធ្វើយ៉ាងណាជំរុញការអនុវត្តន៍ការងារគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់ឆ្នាំ២០២២ឲ្យកាន់តែមានប្រសិទ្ធិភាព។ លោក ប៉ាន សូរស័ក្តិ ដាក់ចេញនូវគោលការណ៍ទាំងនេះ ក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រសួងពាណិជ្ជកម្ម ដើមី្បបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២២ ដែលរៀបចំឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានសហការគ្នាយ៉ាងល្អក្នុងការសម្រេចបាននូវលទ្ធផលការងារកម្មសិទ្ធិបញ្ញា ជាច្រើន ជាពិសេសការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនាពេលកន្លងមក។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងដែរថា ដើម្បីបន្តប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តម បានផ្តល់នូវអនុសាសន៍ចំនួន៧ចំនុចធំ ជូនគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ ក្នុងនោះរួមមាន៖

១-បន្តកសាងច្បាប់ និងបទប្បញ្ញតិ្ត ព្រមទាំងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព
២-លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញានៅតាមគ្រឹះស្ថានអប់រំនានា
៣-លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាក្នុងស្រទាប់សាធារណជនទូទៅ
៤-ជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង
៥-ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាដោយអ្នកស្រាវជ្រាវ សិស្ស និស្សិត សហគ្រិន ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ
៦-ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់អតិថិជន លើកកម្ពស់កសិកម្ម វប្បធម៌ និងទេសចរណ៍។
៧-បន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធរដ្ឋបាលកម្មសិទ្ធិបញ្ញាប្រកបដោយបច្ចេកវិទ្យា។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងនេះដែរ ភាគីពាក់ព័ន្ធក៏បានសម្រេច និងឯកភាពគ្នា អនុម័តជាគោលការណ៍លើសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីបន្តនីតិវិធីជូនប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផងដែរ៕