រដ្ឋចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនូវខេត្តគោលដៅចំនួន ៨

សង្គម​និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងស្ថាប័នពាក់ព័ន្ឋ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានា ដែលបានរួមគ្នាគិតរួមគ្នាធ្វើ ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ទាំងការពង្រឹងគុណភាពផលិតផល ការរកទីផ្សារ ការការពារអត្តសញ្ញាណផលិតផលនានាក្នុងសហគមន៍ ការកសាងសមត្ថភាពកសិករ ផលិតករ សិប្បករ និងសេវាករនានា ក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ១ ផលិតផល១ នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិភាក្សាពីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២។

បើតាមលោកឧបនាយករដ្ឋមន្ត្រី គណៈកម្មាធិការជាតិជំរុញចលនា១ ផលិតផល១ គឺជាស្ថាប័នរដ្ឋមួយដែលមានបេសកកម្មសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានានៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ។ល។ ការណ៍នេះ ត្រូវបានលោក យឹម ឆៃលី គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការងារនេះ ក្នុងការជួយដល់កសិករ ផលិតករ សិប្បករ និងសេវាករ ក្នុងនោះរួមទាំងការរៀបចំ និងអនុម័តឯកសារគតិយុត្តនានា ការបណ្តុះបណ្តាលសហគមន៍ ការខិតខំរកដៃគូសហការពីវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍនានា ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវទិសដៅដ៏ធំធេងនេះ គណៈកម្មាធិការជាតិបានរៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ រាជធានី ខេត្ត និងការចាត់តាំងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃគណៈកម្មាធិការជាតិនេះ ក្នុងនោះរាជរដ្ឋាភិបាលបានចាត់តាំង រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយក្រសួងនេះជាស្ថាប័នគន្លឹះមួយដើម្បីជួយរកទីផ្សារលក់ផលិតផលខ្មែរ ជួយពង្រឹងគុណភាព សោភ័ណភាព និងឧត្តមភាពផលិតផលខ្មែរ ដើម្បីលក់ និងប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងនៅបរទេស។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាសមីក្រូ និងSME ផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ (គ.ជ.ភ១.ផ១.) សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល៨ខែ ដោយចាប់ផ្តើមពីខែមេសា ដល់ខែធ្នូ ២០២២ នៅខេត្តគោលដៅចំនួន៨ គឺខេត្តកំពត, តាកែវ, ព្រះសីហនុ, សៀមរាប, បាត់ដំបង,បន្ទាយមានជ័យ, កំពង់ចាម និងរាជធានីភ្នំពេញ និងពិភាក្សារកដៃគូ ៣ទៀត គឺអង្គការតម្លាភាពអន្តរជាតិ ស្ថាប័ន Micro Finance L.O.L.C, និងក្រុមហ៊ុន Cambrew ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺខេត្តស្វាយរៀង, កំពង់ឆ្នាំង និងឧត្តរមានជ័យ។

ទន្ទឹមនឹងនោះ បច្ចុប្បន្នអគ្គលេខាធិការដ្ឋាន បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប ដើម្បីបណ្តុះបណ្តាលផលិតផលមួយចំនួនដែល គ.ជ.ភ១.ផ១. បានទទួលស្គាល់ជាផ្លូវការជាផលិតផលភូមិ១ ផលិតផល១ ចំនួន ១២១មុខ ក្នុង ១០ខេត្ត ព្រមទាំងបានសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ និងរិះរករូបមន្តអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃបន្ថែម និងមានគ្រប់សក្តានុពល ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕