ប្រធានពន្ធដារខេត្តកណ្ដាលទើបឡើងថ្មី ប្តេជ្ញា​ពង្រឹងការ​ប្រមូល​ចំណូល​ពន្ធចូលរដ្ឋឱ្យបានល្អបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

សាខាពន្ធដារខេត្តកណ្ដាល បានប្រកាសតែងតាំងលោក ងួន សុវណ្ណ ជាប្រធានសាខាពន្ធដារខេត្តថ្មី ជំនួស លោក នុត វុត្ថា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងថ្មី។ ពិធីប្រកាសតែងតាំង បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២  នាសាលាខេត្តកណ្ដាល ក្រោមវត្តមាន លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត និងលោក​ កែន សម្បត្តិ អគ្គនាយករង​​នៃអគ្គនាយដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងមុខតំណែងថ្មី លោក ងួន សុវណ្ណ បានប្តេជ្ញាចិត្តថានឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឱ្យបានល្អ ជាពិសេស​​នឹងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការ​​ប្រមូល​​ចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធដាខេត្តកណ្ដាលនឹងខិតខំ​បន្តកិច្ចសហការ​ជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ឱ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ ។

ថ្លែងក្នុងពិធីនេះ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានកោតសរសើរចំពោះការខិតខំកន្លងមករបស់ អតីតប្រធាន​សាខា​ពន្ធ​​ដារ​ខេត្ត​កណ្ដាលដែលបានសម្រេចនូវស្នាដៃប្រមូលពន្ធជូនរដ្ឋបានកើនឡើងជារៀងរាល់ឆ្នាំ ដែល​នេះជា​ទឹកតាំងស្នាដៃល្អ​​មួយ និងជាគំរូល្អដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តការខិតខំបំពេញការងារ និង​ប្រមូល​ពន្ធ​ចូលរដ្ឋឱ្យបានច្រើន ដើម្បីយក​មកអភិវឌ្ឍន៏ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៏ ក្នុងខេត្តកណ្ដាលនៅលើគ្រប់វិស័យ។

ដោយឡែកលោក​ កែន សម្បត្តិ អគ្គនាយករង​​នៃអគ្គនាយដ្ឋានពន្ធដារ បានលើកឡើងដែរថា ការប្រកាស និងផ្ទេរមុខ​តំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែន​​ជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការ​ពង្រឹង​លើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ន​​នានា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ បើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើ​ប្រាស់ប្រកប​ដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព ។

លោក បន្តថា កត្តាដែលធ្វើឱ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាព ធ្វើឱ្យអ្នក​វិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឱ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់។

គួរបញ្ជាក់ថា  ចំណូលពន្ធអាករគ្រប់ប្រភេទដែលសាខាពន្ធដារខេត្តប្រមូលបានក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គឺទទួលបានគ្រប់ និងលើសផែនការជារៀងរាល់ឆ្នាំ  សម្រាប់ ត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ ក៏ទទួលបាន​លទ្ធផល​គាប់​ប្រសើរដែរ ពោលគឺសម្រេចប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានចំនួន ៣១,០២៨,០០០,០០០ រៀល ( សាម សិប​មួយប៊ីលានម្ភៃប្រាំបីលានរៀល) ដែលស្មើនឹង៤១,០៤%  នៃផែនការ។ សាខាពន្ធដារខេត្ត ក៏បានបង្ហាញ ក្តីរំពឹងទុក​ដែរថា ឆ្នាំនេះនឹងអាចលើសផែនការដូចឆ្នាំមុនៗកន្លងមកទៀតផងដែរ ៕