រោងចក្រថ្មីចាយទុនជាង១៤លានដុល្លារ នឹងសាងសង់ឡើងក្នុងខេត្តកណ្តាល និងខេតព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៤.១ លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចំនួន៣ កន្លែង នឹងត្រូវសាងសង់ឡើងនៅក្នុងទឹកដីខេត្តរបស់កម្ពុជាចំនួន២ គឺខេត្តកណ្តាល និងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន “CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក។

២-ក្រុមហ៊ុន “XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន
“SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា គម្រោងវិនិយោគដែលមានទុនសរុប ១៤.១លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅលើទឹកដីខេត្តទាំង២នោះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជារហូត ២ ៥១៤កន្លែង៕