ក្រសួងដែនដី និងស្ថានទូតអូស្ត្រាលី រួមគ្នាបើកវគ្គផ្សព្វផ្សាយទាក់ទងនឹងសុវត្ថិភាពនៅការដ្ឋានសំណង់

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Robin Flint លេខាទី១ នៃស្ថានទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​បើកវគ្គ​ផ្សព្វផ្សាយ​ស្តីពី​គោលការណ៍​ណែនាំ​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ ជូន​ដល់​មន្ត្រី​រាជការ​​ និង​វិស័យ​ឯកជន​មួយ​ចំនួន នៅ​ទីស្តីការ​ក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រប​ជាមួយ​នឹង​ការ​វិវត្ត​រីក​ចម្រើន​លើ​វិស័យ​សំណង់ សុវត្ថិភាព និង​សុខភាព​នៅ​ការដ្ឋាន​សំណង់ គឺជា​តម្រូវការ​ជា​ចាំបាច់ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​កាត់​បន្ថយ​នូវ​ហានិភ័យ​នានា ដល់​អ្នក​ពាក់ព័ន្ធ​នឹង​​ការងារ​សំណង់ ជាពិសេស​កម្មករ និយោជិត និង​បុគ្គលិក​នៅ​តាម​បណ្តា​ការដ្ឋាន​សំណង់​នានា។ ក្នុង​ន័យ​នេះ​ ក្រសួង​រៀបចំដែនដី ​​បាន​ដាក់​ចេញ​​នូវ​វិធានការ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តនានា ដើម្បី​ពង្រឹង​និង​លើក​កម្ពស់​សុខុមាល​ភាព​ និង​សុវត្ថិភាព​ដល់​កម្មករ និយោជិត និង​បុគ្គលិក​នៅ​តាម​បណ្តា​ការដ្ឋាន​​សំណង់​នានា ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ឆ្លើយ​តប​នឹង​បញ្ហា​ខាង​លើ ​​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​​និង​ស្ថានទូត​អូស្ត្រាលី ​​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ រៀប​ចំ​គោលការណ៍​ណែនាំ​ស្តីពី​សុវត្ថិភាព និង​សុខភាព​នៅ​ការដ្ឋាន​សំណង់ ដែល​ជា​បញ្ញត្តិ​មួយ សម្រាប់​ការ​បណ្តុះ​បណ្តាល ការ​ណែនាំ និង​ការ​យល់​ដឹង​របស់​កម្មករ និយោជិត ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​សាង​សង់ និង​អ្នក​ពាក់ព័ន្ធ​ការងារ​សាង​សង់ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ឡើង​ជា​យថាហេតុ នៅ​តាម​ការដ្ឋាន​សំណង់ និង​ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព អាយុជីវិត និង​ផែនការ​នៃ​គម្រោង​សាងសង់៕