ភ្នំពេញនឹងមានមន្ទីរពេទ្យពហុជំនាញស្ដង់ដាទំនើបថ្មីមួយ នាពេលឆាប់ៗខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

នាពេលឆាប់ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានវត្តមានមន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មីមួយទៀត ដើម្បីផ្ដល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម ឃួង ស្រេង ធ្លាប់បានឱ្យដឹងក្នុងពិធីបើកការដ្ឋានមន្ទីពេទ្យនេះថា៖ « មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គឺជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលផ្ដល់សេវាសុខភាពប្រកបដោយគុណភាពដល់ប្រជាជន ទិសដៅកាត់បន្ថយការចេញទៅទទួលយកសេវានៅក្រៅប្រទេស។ហេតុនេះ នៅពេលមន្ទីពេទ្យនេះដាក់ឱ្យដំណើរការនាពេលខាងមុខ អ្នកជំងឺទូទៅនឹងពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបរទេសទៀតនោះឡើយ ព្រោះនឹងទទួលបានគុណភាពល្អដូចគ្នា»។

គួរបញ្ជាក់ដែរថា មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មី កម្ពស់២៦ជាន់នេះ គឺជាគម្រោងសាងសង់មន្ទីរពេទ្យឯកជន។មន្ទីពេទ្យនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្ទីរពេទ្យពហុជំនាញភ្នំពេញថ្មីមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីពេទ្យនេះ មានកម្ពស់២៦ជាន់ ក្រោមដី ៣ជាន់ ដែលអាចដាក់គ្រែពិនិត្យ និងសម្រាកព្យាបាលអ្នកជំងឺចាប់ពី ១៥០ រហូតទៅ ២០០គ្រែផងដែរ។

គម្រោងនៃមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គ្រោងនឹងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ ទៅ ៥ឆ្នាំខាងមុខនេះ៕