រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ ដឹកនាំក្រុមហ៊ុន​ធំៗ​ចុះ​ពិនិត្យ​ទីតាំង​​សាងសង់​បង្គោល​សេវា​ទូរសព្ទ និង​អ៊ីនធឺណិត​ តាម​ផ្លូវល្បឿនលឿន ទៅក្រុងព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន Huawei ក្រុមហ៊ុនសាងសង់បង្គោលអង់តែន ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនទូរសព្ទចល័ត ចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ និងកំណត់ទីតាំងសម្រាប់អូសខ្សែកាបអុបទិច និងតម្លើងអង់តែនទូរសព្ទចល័តដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ នៅក្រុងព្រះសីហនុ។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

បើ​តាម​លោក​រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវ China Road and Bridge Corporation ព្រមទាំងបណ្តាប្រតិបត្តករទូរគមនាគមន៍ ក្នុងការប្រឹក្សាយោបល់លើការប្រើប្រាស់បច្ចេកវិទ្យា និងការកំណត់ទីតាំងក្នុងការសាងសង់អង់តែន សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់នៅលើបណ្តោយផ្លូវល្បឿនលឿននេះ។