លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យគយរកដីរៀបចំកន្លែងត្រួត​ពិ​និត្យ​​​ទំនិញឲ្យបាន​សមរម្យ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី៣ សីហាម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ស្វះ​ស្វែងរកដីរៀប​​ចំកន្លែងត្រួតពិនិត្យទំនិញឲ្យបានសមរម្យជាពិសេសនៅមាត់ច្រកសំខាន់ៗ និងធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនា​​សម្ព័ន្ធរូបវន្តគាំទ្រ​ដល់កិច្ចប្រតិបត្តិការគយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ ក៏ត្រូវបន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការ​​ជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដំណាក់កាលទី៣, ការកែលម្អគុណភាព​សេវា​,ជំរុញ​ការកែទម្រង់មុតស្រួចដោយសហការជាមួយផ្នែកឯកជន និងដៃគូពាក់ព័ន្ធក្នុងការធ្វើសាមញ្ញកម្មនីតិវិធីគយ​ដោយរក្សាទុក​ក្នុង​កម្រិតអប្បបរមា ជាពិសេសលើការនាំចេញ។

បន្ថែមទៀតនោះ លោក ក៏បានជំរុញឱ្យគយ និងករពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិង​បន្លំ​ពន្ធ។

លើសពីនេះ លោករដ្ឋមន្រ្តីក៏បានណែនាំឱ្យពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Com​me​rce) ទាំងទំនិញដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍ និងទំនិញនាំចូលតាមមាត់ច្រកផ្សេងៗផងដែរ៕