អូស្ត្រាលី បន្តផ្តល់ឲ្យកម្ពុជា ៧៥លានដុល្លារ ស្តារសេដ្ឋកិច្ចឡើងវិញក្នុងវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

អូស្រ្តាលី បន្តផ្តល់ទឹកប្រាក់ ១០៧លានដុល្លារអូស្រ្តាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជាទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកដដោយបរិយាបន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ការអនុវត្តកម្មវិធីថ្មីនេះ គឺជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឆ្ពោះទៅមុខ​ និងបន្តអនុវត្តនូវសកម្មភាពរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលនឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ។

របាយការណ៍ស្ថានទូតអូស្រ្តាលី បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៣០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជ កម្ម និងការប្រកួតប្រជែង។