លោក ហង់ជួន ណារ៉ុន៖​​ ការបង្កើតដេប៉ាតឺម៉ង់សិក្សា​វៀត​ណា​ម គឺធ្វើតាមតម្រូវការរបស់កម្ពុជា មិនមែនធ្វើតាមបង្គាប់បញ្ជារបស់វៀតណាមនោះទេ

សង្គម​និង​សេដ្ឋកិច្ច

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀត​ណា​ម គឺធ្វើឡើងតាមតម្រូវការរបស់កម្ពុជាមិនមែនធ្វើតាមសំណើ ឬសំណូមពររបស់នរណាមួយនោះ​ទេ គឺទៅតាម​តម្រូវការ ព្រោះកម្ពុជា គឺជាប្រទេសអធិបតេយ្យ ។ ការលើកឡើងរបស់លោក ហង់ជួន ណារ៉ុនដូចនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម សម្រាប់បណ្តុះបណ្តាលលើមុខជំនាញសិក្សាវៀតណាម មុខជំនាញ​ការបក​ប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច នឹងជួយដល់ការបង្កើតការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម និងវិនិយោគពីប្រទេសវៀតណាមនៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បន្តថាដេប៉ាតឺម៉ង់សិក្សាវៀតណាមនឹងជួយបណ្ដុះបណ្ដាលភាសាវៀតណាមរយៈពេល ១ ឆ្នាំ ដល់និស្សិតកម្ពុជា ដែលបាន​ទទួលអាហារូបករណ៏ទៅរៀននៅសាធារណរដ្ឋសង្គមនិយមវៀតណាមជាង ១០០ នាក់ ចាប់ពី ថ្នាក់បរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិតក្នុងមួយឆ្នាំ។ នាពេលកន្លងទៅ និស្សិតកម្ពុជាមានការលំបាកក្នុងការ សិក្សា ដោយសារពួកគេទៅរៀនដោយមិនបានរៀនភាសាវៀតណាមជាមុន។

គួរបញ្ជាក់ថា ដេប៉ាតឺម៉ង់សិក្សាវៀតណាម បង្កើតឡើងដោយដាក់ក្រោម វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោ​បាយ សាធារណៈ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងការបណ្ដុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកិច្ចការអន្តរជាតិ និងវិភាគគោលនយោបាយ។

វិទ្យាស្ថាននេះ មានតួនាទី និងភារកិច្ចដូចជា៖ ស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រលើជំនាញ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ ស្រាវជ្រាវលើបញ្ហាក្នុងប្រទេសតំបន់ និងពិភពលោក សហការជាមួយស្ថាប័នជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ បង្កើតវេទិកាចែករំលែកចំណេះដឹងនិងរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ ព្រមទាំងគោលនយោបាយ សំខាន់ៗ ផ្សព្វផ្សាយលទ្ធផលនៃការសិក្សា ការស្រាវជ្រាវ និងបម្រើជាវេទិកា និងមជ្ឈមណ្ឌលសម្រាប់បញ្ញវន្ត និងអ្នកស្រាវជ្រាវកម្ពុជា និងបរទេស ដើម្បីធ្វើការសិក្សាអំពីបញ្ហាសំខាន់ៗដែលប្រទេសកម្ពុជា តំបន់និងពិភពលោកកំពុងប្រឈម ៕